(ភ្នំពេញ)៖ ខេត្តក្រចេះ ដែលស្ថិតនៅភាគឦសានប្រទេសកម្ពុជា ទទួលបានសាកលវិទ្យាល័យរដ្ឋជាលើកដំបូង​ ជាមួយតម្លៃប្រមាណ ១២លានដុល្លារអាមេរិក។ សាកលវិទ្យាល័យនេះ គ្រោងនឹងដំណើរការជាផ្លូវការនៅដើមឆ្នាំ២០១៨ ដោយរំពឹងផ្តល់ការអប់រំកាន់តែទូលាយ ដល់កូនខ្មែរនៅតាមទីជនបទ។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាប្រគល់សាកលវិទ្យាល័យនេះ ជូនលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង ជាប្រធានអង្គការមូលនិធិឧត្តមសិក្សាក្រចេះ។

សាកលវិទ្យារដ្ឋជាលើកដំបូងនៅក្នុងខេត្តក្រចេះនេះ សាងសង់ឡើងលើទីលានព្រលានយន្តហោះចាស់ ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងចិត្របុរី ជាមួយតម្លៃប្រមាណ ១២លានដុល្លារអាមេរិក ដែលក្នុងនោះ ១០លានដុល្លារ បានមកពីហិរញ្ញប្បទានឥតសំណងរបស់ចិន និង២លានដុល្លារទៀត បានមកពីអង្គការមូលនិធិឧត្តមសិក្សាក្រចេះ។

លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា សាកលវិទ្យាល័យខេត្តក្រចេះនេះ ទទួលបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម ចាប់ពីកម្រិតសិក្សាជំនាញឯកទេស រហូតដល់ថ្នាក់បរិញ្ញាបត្រ និងគ្រោងបណ្តុះបណ្តាលកម្រិតក្រោយឧត្តមសិក្សាពេលអនាគត។ លោករដ្ឋមន្រ្តីបន្តថា សាកលវិទ្យាល័យនេះមានជំនាញសិក្សា ដែលផ្តោតលើវិស័យកសិកម្ម។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញអនុក្រឹត្យសាងសង់សាកលវិទ្យាល័យក្រចេះ លើបរិវេណអាកាសយានដ្ឋានខេត្តក្រចេះ លើទំហំផ្ទៃដីចំនួន ៩៩,០១ហិកតា។ សាកលវិទ្យាល័យនេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤។ គ្រឹះស្ថានឧត្តមសិក្សានេះ មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ និងបសុពេទ្យ, មហាវិទ្យាល័យគ្រប់គ្រងអាជីវកម្ម, មហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវិទ្យាកសិកម្ម វិទ្យាស្ថានស្រាវជ្រាវ និងវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា។

សាកលវិទ្យាល័យនេះ មានទ្រង់ទ្រាយដូចគ្នានឹងសាកលវិទ្យាល័យផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាដែរ ប៉ុន្តែចាប់ផ្តើមអនុវត្តការងារជាជំហានៗពីតូចទៅធំ និងពីទាបទៅខ្ពស់ ដោយផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធាន មនុស្សលើមុខវិជ្ជាជំនាញឯកទេសកសិកម្ម រួមមាន៖ ជំនាញដាំដុះ, ជំនាញបសុសត្វ, ជំនាញកែច្នៃកសិ-ឧស្សាហកម្ម, ជំនាញវារីវប្បកម្ម និងទេពកោសល្យជនបទ ដែលទាំងនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៃកម្ពុជា។ ការ បណ្តុះបណ្តាល គឺនឹងមានគ្រប់ថ្នាក់ និងកម្រិត, ចាប់ពីថ្នាក់បរិញ្ញាបត្ររង ឬ ឯកទេសបច្ចេកទេសជាន់ខ្ពស់, បរិញ្ញាបត្រ ឬ វិស្វករ រហូតដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅពេលអនាគត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ល្បីៗថ្នាក់ជាតិ និងអន្តរជាតិ។

ការបង្កើតឱ្យមានសាកលវិទ្យាល័យក្រចេះនេះ គឺជាជំហានមួយឈានឆ្ពោះសម្រេចបាននូវគោលដៅពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលស្របតាមផែនការយុទ្ធសាស្រ្តអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញបង្កើត និងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សានៅតាមបណ្តាខេត្តនានា ក្រោមទិសស្លោក «ខេត្ត១ មានសាកលវិទ្យាល័យរដ្ឋ១»។

សកលវិទ្យាល័យនេះ អាចប្រមូលផ្ដុំសិស្សនិស្សិត មកពីតាមបណ្ដាខេត្តដូចជា ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី និងខេត្តក្រចេះ ក្នុងនោះក៏អាចមាននិស្សិតមកពីខេត្តត្បូងឃ្មុំ និងកំពង់ចាមផងដែរ។

ជាងនេះទៅទៀតសកលវិទ្យាល័យក្រចេះ ក៏នៅមានផ្ទៃដីកសិកម្មជាច្រើនហិកតា នៅស្រុកសំបូរសម្រាប់ធ្វើការពិសោធន៍ និង មានផ្ទៃបឹងធម្មជាតិ ក្នុងស្រុកចិត្របុរី សម្រាប់ធ្វើការពិសោធន៍ និងចិញ្ចឹមត្រីថែមទៀតផង៕