(រតនគិរី)៖ បុរសម្នាក់បានអះអាងថា ខ្លួនត្រូវមន្រ្តីយោធាដែលជាសាច់ឈាមនឹងគ្នាទៀត បាននាំបក្ខពួកជាយោធាដូចគ្នាយកកាំភ្លើង ភ្ជង់ក្បាល សំឡុតគំរាមសម្លាប់ដល់ផ្ទះតែម្តង ប៉ុន្តែរហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ សមត្ថកិច្ចមិនទាន់មានវិធានការ នៅឡើយទេ។ ក្រោយរួចជីវិតពីចង្កូមមច្ចុរាជ ជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្ដឹងនៅស្ថាប័ននគរបាល និងអាវុធហត្ថឲ្យជួយ អន្តរាគមន៍លើហេតុការណ៍ ព្រលឹងចុងសក់នេះ ប៉ុន្តែកន្លងទៅច្រើនថ្ងៃហើយ ស្ថាប័នមានសត្ថកិច្ចទាំងនោះ នៅតែមិនទាន់ចាត់វិធានការ អ្វីសោះ។

ជនរងគ្រោះមានឈ្មោះ ពលៈ ចំណែកជនសង្ស័យមានឈ្មោះ អ៊ាត កេង ជាទាហានមានឥទ្ធិពលម្នាក់ ក្នុងខេត្តរតនគិរី។

នៅថ្ងៃនេះ ជនរងគ្រោះបានរាប់រៀបពីដំណើរដើមរឿងយ៉ាងដូច្នេះ៖ នៅថ្ងៃចូលឆ្នាំដំបូង គឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ មានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធរបស់ខ្លួន ដែលត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ ដែលការឈ្លោះប្រកែកនេះ កើតឡើងនៅផ្ទះ ម្ដាយក្មេក ស្ថិតក្នុងឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ក្រោយឈ្លោះជាមួយប្រពន្ធ ជនរងគ្រោះឈ្មោះ ពលៈ ក៏លើកកូនស្រីរបស់ខ្លួន ឡើងជិះម៉ូតូចេញពីផ្ទះម្ដាយក្មេក សំដៅទៅលំនៅឋានរបស់ខ្លួន នៅក្រុងបានលុងឯណោះ ចម្ងាយរាប់សិបគីឡូម៉ែត្រ។

បន្តិចក្រោយមក ជនសង្ស័យឈ្មោះ អ៊ាត កេង រួមនិងបក្ខពួកបានជិះរថយន្ត និងម៉ូតូដេញតាមពីក្រោយជនរងគ្រោះរហូតដល់ ចំណុចស្ងាត់ មួយក៏ស្ទាក់ជាប់ ហើយជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ក្បាលជនរងគ្រោះ និងរុញច្រានដើមទ្រូង ភ្ជាប់ដោយសម្ដីសំឡុតគំរាមរកបាញ់ សម្លាប់។ គ្រានោះ កូនស្រីរបស់ជនរងគ្រោះ ក៏ស្រែកយំយ៉ាងខ្លាំង។ ប្រហែលខ្លាចអ្នកដំណើរឆ្លងកាត់ផ្លូវ ឃើញទង្វើព្រៃផ្សៃរបស់ខ្លួន និងបក្ខពួក ក្រុមជនដៃដល់ក៏បញ្ឈប់សកម្មភាព។

មានឱកាសដកខ្លួនបាន ជនរងគ្រោះក៏បានលើកកូនស្រី ជិះម៉ូតូគេចខ្លួនទៅចូលផ្ទះមេឃុំម្នាក់ តែមិនមែនជាឃុំកើតហេតុទេ។ លោកមេឃុំ ចិត្តធម៌ ក៏បានការពារ និងផ្ដល់កន្លែងស្នាក់នៅដល់ជនរងគ្រោះដោយសុវត្ថិភាព ព្រមទាំងជួយទំនាក់ទំនងកម្លាំង សមត្ថកិច្ចឲ្យជនរងគ្រោះ ដាក់ពាក្យប្ដឹងថែមទៀតផង។ លុះដល់រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានលាលោក មេឃុំ ចេញទៅផ្ទះរបស់ខ្លួន នៅទីរួមខេត្តវិញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះបានទាក់ទងទៅលោកមេឃុំដដែលខាងលើ ឲ្យជួយដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ចស្រុក វ៉ើនសៃ។ លោកមេឃុំបានទាក់ទងទៅអធិការដ្ឋាននគរបាលស្រុកវ៉ើនសៃដែរ តែពេលទៅដល់អធិការដ្ឋាន បែរជាលោកអធិការស្រុក បង្វែរឲ្យលោកមេឃុំទៅប្ដឹងដល់ ស្នងការដ្ឋាននគរបាលខេត្តរតនគិរីទៅវិញ។

ចំណែកជនរងគ្រោះ ក៏បានចេញមកក្រុងបានលុង ឆ្ពោះទៅស្នងការដ្ឋានខេត្តរតនគិរី តែទៅបានបន្តិច លោកមេឃុំបានទូរស័ព្ទ ហៅត្រឡប់ ឲ្យទៅប្ដឹងខាងអាវុធហត្ថស្រុកវ៉ើនសៃវិញ ព្រោះខាងនគរបាលគេមិនទទួលពាក្យទេ។ ជនរងគ្រោះក៏បកទៅបញ្ជាការដ្ឋាន អាវុធហត្ថស្រុក តាមពាក្យមេឃុំវិញ និងបានទាក់ទងទៅមេអាវុធហត្ថស្រុកតាមទូរស័ព្ទ ហើយមេអាវុធហត្ថក៏បានប្រាប់ថា សំណុំរឿងនេះ ចាំលោកស្រាវ ជ្រាវឲ្យ និងឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះសិន។

មកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះមិនអស់ចិត្ត ព្រោះតែមិនទាន់មានសមត្ថកិច្ចណា ទទួលពាក្យប្ដឹងជាលាយលក្ខណ៍ អក្សរទេ ហើយខ្លួនបានទៅស្នងការនគរបាលខេត្ត ពេលនោះ ខាងនគរបាលខេត្តបានប្រាប់ឲ្យជនរងគ្រោះ ទៅប្ដឹងខាងអាវុធហត្ថវិញ ព្រោះជនសង្ស័យជាមន្រ្តីយោធា។

ឮដូចនោះ ជនរងគ្រោះមិនបង្អង់ឡើយ ក៏បានទំនាក់ទំនងទៅខាងអាវុធហត្ថខេត្ត និងបានជួបជាមួយមន្រ្តីអាវុធហត្ថម្នាក់ មន្រ្តីនោះក៏បាន ប្រាប់ឲ្យទៅប្ដឹងខាងផ្នែកទទួលផែនព្រហ្មទណ្ឌ។ ខាងទទួលផែនព្រហ្មទណ្ឌ បានទទួលពាក្យប្ដឹងផ្ទាល់មាត់របស់ជនរងគ្រោះនិងជួយ សរសេរពាក្យប្ដឹងនេះ រួចឲ្យជនរងគ្រោះផ្ដិតមេដៃ។

និយាយបកមកជនដៃដល់វិញម្ដង បើតាមឳពុកជនរងគ្រោះបានទូរស័ព្ទទៅសួរ ជនល្មើសក៏ទទួលស្គាល់ដែរថា ខ្លួនពិតជាបានធ្វើ សកម្មភាព ដូចខាងលើមែន តែគេមិនបានបាញ់មួយគ្រាប់ណាទេ គឺគ្រាប់តែគំរាមបំភ័យជនរងគ្រោះជាបងថ្លៃ កុំឲ្យទាស់ជាមួយប្រពន្ធ ដែលជាបងស្រីរបស់ខ្លួនទៀត។

ចុះឡើងៗ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នេះហើយ កម្លាំងសមត្ថកិច្ចមានសមត្ថកិច្ចទាំងប៉ុន្មានខាងលើ នៅមិនទាន់ចាត់ វិធានការដោះស្រាយបានជាដុំកំភួនអ្វីនៅឡើយ ជាហេតុធ្វើឲ្យជនរងគ្រោះរស់នៅទាំងភាពភ័យខ្លាច រួមរឹតដោយភាពអយុត្តិធម៌រាល់ថ្ងៃ ពោលគឺផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល «ភូមិឃុំមានសុវត្ថិភាព»