(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ និងអាជ្ញាធរ នៅក្នុងឃុំអូរសោម ស្រុកវាលវែង បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពវិនាសហិនហោចអស់ព្រៃឈើជាបន្តបន្ទាប់ ដែលនៅជុំវិញអាងវ៉ារីអគ្គីសនីស្ទឹងអាតៃ។
ការសំដែងក្តីព្រួយបារម្ភនេះ បានធ្វើឡើងខណៈ ការបង្ក្រាបពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ច នៅក្នុងតំបន់នោះ ហាក់គ្មាន ប្រសិទ្ធភាព ដោយសារតែមានវប្បធម៌អន្តរាគមន៍។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋក៏បានសំណូមពរឲ្យ ថ្នាក់លើជួយចាត់វិធានការបង្ក្រាប ឲ្យបានតឹងរឹងបំផុតចំពោះជនខិលខូច ដែលនៅតែបន្តធ្វើសកម្មភាពរុករានដីព្រៃ នៅតំបន់នោះមកធ្វើជាកម្មសិទ្ធ។
ប្រជាពលរដ្ឋដដែលបានប្រាប់ឲ្យដឹងថា ព្រៃឈើជាច្រើនរយហិតាដែលនៅជុំវិញអាងវ៉ារីអគ្គីសនីស្ទឹងអាតៃ ធ្លាប់តែបង្អួត សម្រស់ទេសចរ ជាពិសេសភ្លៀវអន្តរជាតិ ត្រូវបានរងការកាប់បំផ្លាញក្លាយជាវាលរហោដ្ឋានបាត់ទៅហើយ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រុមជនខិលខូចដែលតែងចូលទៅរុករានដីព្រៃក្នុងតំបន់នោះសុទ្ធសឹង ជាជនចំណាកស្រុក ដែលគេប្រើវិធីញុះញង់ផ្តល់ជាលុយកាក់ឲ្យ ប្រជាពលរដ្ឋនៅក្នុងក្នុងមូលដ្ឋានមួយចំនួន តូចកាប់ព្រៃដើម្បី វាតយកដីមក ធ្វើជាកម្មសិទ្ធតែម្តង។ ដីព្រៃនៅជុំវិញអាងវ៉ារីអគ្គីសនីស្ទឹងអាតៃ ដែលរងការកាប់បំផ្លាញ ខ្លាំងបំផុតនោះ គឺនៅក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ពោលក្នុងឆ្នាំ២០១៥-២០១៦ មានវិសាលភាពធំធេងតែម្តង។
ពួកគាត់បានសំដែងការព្រួយបារម្ភព្រៃឈើទាំងអស់នោះ និងហិនហោចអស់ទាំងស្រុង នៅពេលខាងមុខដ៏ខ្លីនេះដ៏រាបណា ពួកជនខិលខូចនៅតែបន្តទិញ ទឹកចិត្តប្រជាពលរដ្ឋ ដែលគាត់គ្មានការយល់ដឹងឲ្យ បានស៉ីជំរៅ អំពីផលប៉ះពាល់ នូវការបាត់បង់ព្រៃឈើដែលមួយផ្នែកជួបនិងគ្រោះធម្មជាតុផ្សេងៗដូចជាខ្យល់ព្យុះ គ្រោះរាំងស្ងួតជាដើម ជាពិសេសបាត់បង់ អេកូរទេសចរណ៏ធម្មជាតិនៅក្នុងតំបន់នោះពិតប្រាកដ។
ដូច្នេះហើយពួកគាត់ បានសំំណូមពរយ៉ាងទទួច ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានតឹងរឹង និង ឆាប់រហ័សបំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបចំពោះជនប្រព្រឹត្ត ដោយអនុវត្តទៅតាមច្បាប់ ជាពិសេស សូមកុំឲ្យមានវប្បធម៌ អន្តរាគមន៍ ទើបមានប្រសិទ្ធភាពព្រោះថាអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះទាំងអស់ ជួបផលលំបាកខ្លាំងរឿង អាងអ្នក ធំនោះអ្នកធំនេះ តែងអន្តរាគមន៍ នៅពេលចុះបង្ក្រាបម្តងៗ។
លោក សុខ បឿន ជំទប់ទីពីរឃុំអូរសោម បានទទួលស្គាល់ថា ព្រៃឈើនៅជុំវិញអាងវ៉ារីអគ្គីសនីស្ទឹងអាតៃ ដែលជាតំបន់ អេកូទេសចរណ៍ ធម្មជាតិមួយដ៏ពិសិទ្ធ បាននិងកំពង់រងការកាប់បំផ្លាញ យ៉ាងរង្គៀលពីសំណាក់ជនខិលខូច ដែលតែងតែ ចូលមកខ្ចីដៃប្រជាពលរដ្ឋ របស់លោកធ្វើសកម្មភាពរានយកដី ដែលសុទ្ធតែមានខ្នងបង្អែក ធ្វើឲ្យអាជ្ញាធរ និងសមត្តកិច្ចជំនាញពិបាកទប់ស្កាត់។ បន្ថែមពីលើនេះ លោកបានអំពាវនាវឲ្យថ្នាក់លើ ជួយមានវិធានដើម្បីទប់ស្កាត់ឲ្យ បានទាន់ពេល បើមិនដូច្នេះទេព្រៃឈើ ដែលនៅសេសសល់ នឹងត្រូវបាត់បង់អស់ជាក់ជាពុំខានឡើយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំអូរសោម ដែលមាននៅក្នុងបញ្ជី ចំនួន៦០៥គ្រួសារ និងប្រជាពលរដ្ឋ សរុបចំនួន ២៥៦៧នាក់៕