(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិទ័ពបោះ និងភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង និងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងថ្មី ០១ខ្សែ ប្រវែង៤៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ ជាផ្លូវគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧ ដែលនឹងត្រូវស្ថាបនានាពេលខាងមុខនេះ។
លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាក់ស្តែងផ្លូវបេតុងថ្មី០១ខ្សែទៀត ដែលជាគម្រោងស្ថាបនាឆ្នាំ២០១៧នេះ ជាសមិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះ ផលប៉ះពាល់តិចតួចដែល បណ្តាលមកពី ការស្ថាបនាផ្លូវថ្មីនេះ ដែលផ្លូវថ្មី នេះនឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូននិងធ្វើឲ្យមាន ផាសុកភាព សម្រាប់ការរស់នៅ ប្រចាំថ្ងៃ៕