(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ខណៈកំពុងដើរឆ្លងផ្លូវ ស្រាប់តែត្រូវបុរស២នាក់ ជិះម៉ូតូយ៉ាងលឿន ហើយជ្រុលចង្កូតមកបុកពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតប៉ើងប្រហែល២០ម៉ែត្រ ហើយក៏ស្លាប់ភ្លាមៗ នៅនិងកន្លែង រួចជនបង្កបានរត់គេចខ្លួនបាត់ម្នាក់ ខណៈម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ និងកម្លាំងអាវុធហត្ថ ដេញតាមឃាត់ខ្លួនបានម្នាក់ដើម្បីសាកសួរ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកលី រ៉ូហ្សាត នាយផ្នែកចរាចរខណ្ឌឫស្សីកែវ បានបញ្ជាក់ថា អ្នកបើកបរមានឈ្មោះកែវ រ៉ានី អាយុ២៧ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅភូមិព្រែកជីក ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាអ្នកបើកបរម៉ូតូម៉ាកសឺរុស ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CC-5658 និងម្នាក់ទៀត ដែលជិះពីក្រោយឈ្មោះ ឌី បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ។ រីឯជនរងគ្រោះឈ្មោះ ជិន សុខជា អាយុ៦២ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅក្បែរចំណុចកើតហេតុ និងមានស្រុកកំណើតនៅភូមិផ្សារក្រោម ឃុំចុងកោះ ក្នុងទីរួមខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន ជនបង្កម្នាក់ក្នុងចំណោម២នាក់ ដែលបានបើកម៉ូតូទៅបុកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួមជាមួយវត្ថុតាងម៉ូតូ១គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរក្រុងភ្នំពេញ ដើម្បីបន្តនិតិវិធី៕