(រតនគិរី)៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបនឹងបិទបញ្ចប់ទៅនាពេលថ្មីៗនេះ ខេត្តរតនគិរី ស្ថិតនៅភាគឦសានកម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺននាក់ បើទោះបីខេត្តមួយនេះស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញក៏ដោយនោះ។

របាយការណ៍មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងខេត្តទេសចរណ៍ធម្មជាតិមួយនេះ កើនឡើងប្រមាណ ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៦។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានបង្ហាញក្តីរីករាយខ្លាំងចំពោះវត្តមានភ្ញៀវទេសចរ ដែលបានកើនឡើងជារៀងរាល់ឆ្នាំនេះ។ លោកអភិបាលខេត្តថ្លែងថា កំណើនភ្ញៀវទេសចរនេះ ដោយសារតែកត្តាសុខសន្តិភាព និងសន្តិសុខល្អ ជាពិសេសបណ្តាញផ្លូវតភ្ជាប់ងាយស្រួល ធ្វើដំណើរ ក្រៅពីនោះអាជ្ញាធរ ក៏មានរៀបចំកម្មវិធីកម្សាន្តនានា​ របស់អាជ្ញាធរខេត្ត និងការដាក់ចេញផែនការការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងមុនពេលចូលឆ្នាំ អំឡុងពេលចូលឆ្នាំ និងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។

ទន្ទឹមជាមួយភាពសប្បាយរីករាយ ចំពោះកំណើនភ្ញៀវទេសចរនេះ លោកអភិបាលខេត្តរតនគិរី ក៏បានប្តេជ្ញាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ទាំងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងតំបន់រមណីយដ្ឋាននានាបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តរតនគិរី ឲ្យបានកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ទីរួមខេត្តបានលុង ស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ៥៨៦គ.ម ពីរាជធានីភ្នំពេញ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ខេត្តនេះមានរមណីយដ្ឋានទេសចរចំនួន១៤ ក្នុងនោះរមណីយដ្ឋានធម្មជាតិមានចំនួន ១២កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ២កន្លែង។

តំបន់ទេសចរណ៍ក្នុងខេត្តនេះមានដូចជា បឹងយក្សឡោម, ភ្នំឥសីប៉ាតាម៉ាក់, ទឹកធ្លាក់កាចាង, ទឹកធ្លាក់អូរស៊ីនឡែ, ទឹកធ្លាក់អូរសែនស្រណោះ, ទឹកធ្លាក់ចាអ៊ុង, ឧទ្យានជាតិវីរៈជ័យ, ជម្រកសត្វព្រៃលំផាត់, ចាឡយ, ព្រៃនងកាបាត។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេង ជាដើម។

ខេត្តរតនគិរី មានសណ្ឋាគារចំនួន១៤ ផ្ទះសំណាក់ចំនួន៣៦ មានភោជនីយដ្ឋានចំនួន១៤ និងអាហារដ្ឋានចំនួន២៤៕