(កំពង់ចាម)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧ រយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកំពង់ចាមទាំងមូល ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដល់ទៅជិត៤០ម៉ឺននាក់ គួបផ្សំជាមួយកម្មវិធីសង្ក្រាន្តកំពង់ចាម និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានចំនួន ៣៧៧,៩០៣នាក់ ចំណែកភ្ញៀវទេសចរបរទេសវិញ មានចំនួន ៣៨០នាក់ សរុបចំនួន ៣៧៨,២៨៣នាក់។
គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ ខេត្តកំពង់ចាមបានរៀបចំកម្មវិធី «សង្ក្រាន្តកំពង់ចាម» លើកដំបូងបង្អស់ ត្រូវបានរដ្ឋបាលខេត្តប៉ាន់ស្មានថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណ ជាង៦០,០០០នាក់។
សូមជម្រាបថា ឱកាសចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ដែលពួកគាត់បានចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក៕