(ភ្នំពេញ)៖ មជ្ឈមណ្ឌលគូម៉ុនទួលគោក (Kumon Toul Kork Centre) មានកម្មវិធីរៀនបំប៉នធំជាងគេបង្អស់ និងល្បីល្បាញនៅលើពិភពលោក មានបទពិសោធន៍ជោគជ័យ នៅ៤៩ប្រទេសរួចមកហើយ នៅដើមសប្តាហ៍នេះ បានបើកដំណើរការមជ្ឈមណ្ឌលដំបូងគេបង្អស់របស់ខ្លួន នៅខណ្ឌទួលគោក ហើយនឹងបង្ហាញជំនាញខាងបង្រៀនមុខវិជ្ជាគណិតវិទ្យា និងអំណាន។

ការបើកសម្ពោធដាក់ឲ្យដំណើរការនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក Atsushi Yamada នាយកមជ្ឈមណ្ឌលគូម៉ុនប្រចាំតំបន់អាស៊ី និងអូសេអានី ព្រមទាំងប្រតិភូមកពីស្នាក់ការកណ្ដាលដែលមានមូលដ្ឋាន នៅប្រទេសជប៉ុន។

ថ្លែងបើកសម្ពោធជាផ្លូវការ លោក Atsushi Yamada បានឲ្យដឹងថា ជាមួយនឹងការបើកដំណើរការមជ្ឈមណ្ឌលគូម៉ុនទួលគោក កម្ពុជាបានក្លាយជាប្រទេសទី៥០ ដែលគូម៉ុនមានវត្តមានតាំងនៅ។

លោកបានបន្តថា វិធីសាស្រ្តគូម៉ុនបានជួយឲ្យសិស្សអភិវឌ្ឍសមត្ថភាពសិក្សាមុខវិជ្ជាគណិតវិទ្យា និងអំណានបានឆាប់រហ័ស និងតាមរយៈការបណ្ដុះបណ្ដាលស្មារតីស្វ័យសិក្សា។ គូម៉ុនសម្រេចបានលទ្ធផលជាមួយសិស្សជាច្រើននាក់រួចមកហើយ នៅលើពិភពលោក

លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឲ្យគូម៉ុនមានវត្តមាន និងចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

មជ្ឈមណ្ឌលគូម៉ុនទួលគោក មានទីតាំងនៅផ្លូវលេខ៥៣៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក៕