(ភ្នំពេញ)៖ នៅវេលាម៉ោង០៨៖០០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣។ នេះបើតាមសេចក្ដី ជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

របៀបវារៈចំនួន៣នោះ រួមមាន៖

ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្មើច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពី លក្ខន្ដិកមន្រ្តី រាជការនៃក្រុមនីតិប្បញ្ញត្តិ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣។

ទី២៖ ពិនិត្យ និងសម្រចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្រមខ័ណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុង ចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាល ទី៣។

ទី៣៖ កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតីកាលទី៣៕