(ភ្នំពេញ)៖ កីឡាករ ស៊ូ យ៉ាទី អ្នកចាំទីឆ្នើមរបស់ក្រុមបឹងកេតអង្គរ បានលើកឡើងថា ការបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta'zim នៅល្ងាចថ្ងៃទី១៩ ខែមេសានេះ គឺជាជំនួបដ៏ពិបាកមិនងាយស្រួល សម្រាប់ក្រុមខ្លួនឡើយ ប៉ុន្ដែអ្នកចាំទីជម្រើសជាតិកម្ពុជានេះ ពិតជាចង់ឃើញអ្នកគាំទ្រច្រើនកុះករការ ប្រកួតក្នុងដីនេះ ដើម្បីយកឈ្នះទឹកចិត្តអ្នកគាំទ្រក្រុម Johor ដែលធ្លាប់ហ៊ោកញ្ជ្រាវពេញពហុកីឡដ្ឋានម៉ាឡេស៊ី កាលពីក្រុមទាំងពីរជួបគ្នាជើងទី១ ។
គួរបញ្ជាក់ថា កាលលើកឡើងរបស់កីឡាកររហ្សនាម «អ្នកចាំទីដៃស្អិត» ខាងលើ គឺស្របពេលក្រុមតំណាងប្រទេសទាំងពីរ ត្រៀមជួបគ្នាក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2017 ពូលF នាវេលាម៉ោង៦ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយក៏ជាការប្រកួតសងសឹករបស់ ក្រុមបឹងកេតអង្គរផងដែរ ដោយសារក្រុមជើងឯកលីគកំពូលកម្ពុជា ២រដូវកាលនេះ បានរងបរាជ័យក្រោមថ្វីជើងក្រុម Johor Darul Ta'zim ដោយលទ្ធផល ៣-០ កាលពីជើងទី១ នៅលើទឹកដីរបស់អតីតក្រុមជើងឯកពានរង្វាន់ AFC CUP 2015 នេះ ។
អ្នកចាំទី ស៊ូ យ៉ាទី បាននិយាយថា «ការប្រកួតទល់នឹងអតីតក្រុមជើងឯក AFC CUP 2015 ពិតជាមិនងាយស្រួលឡើយ សម្រាប់យើង ជាពិសេសនៅជើងទី១ ក្នុងការប្រកួតបើកឆាកពូល F យើងត្រូវប្រឈមនឹងក្រុម ដែលមានកម្រិត នៃការលេងល្អជាងយើង ពិសេសពួកគេមានអ្នកគាំទ្រពេញកីឡដ្ឋាន ហើយស្រែកហ៊ោលើក ទឹកចិត្តស្ទើពេញ៩០នាទី ។ ដូច្នេះសម្រាប់ជំនួបជើងទី២ នៅថ្ងៃពុធនេះ រឿងទីមួយដែលខ្ញុំចង់ឈ្នះពួកគេ គឺឃើញវត្តមានរបស់អ្នកគាំទ្រទាំងអស់គ្នា ឲ្យបានច្រើនកុះករ នៅពហុកីឡដ្ឋានជាតិ ហើយពួកយើងនឹងព្យាយាមដើម្បីស្វែងរកលទ្ធផលល្អ មួយជូនអ្នកទាំងអស់គ្នា» ។
បច្ចុប្បន្នក្រុមបឹងកេតអង្គរ កំពុងឈរចំណាត់ថ្នាក់លេខ៣ នៃពូលF ដោយមាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ២ប្រកួត ។ រីឯក្រុម Johor Darul Ta'zim ឈរចំណាត់ថ្នាក់លេខ២ និងមាន ៧ពិន្ទុជាមួយលទ្ធផល ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់ ១ប្រកួត ដូច្នេះក្រុមទាំងពីរ គឺនៅសល់ ២ប្រកួតក្នុងដៃ បូកទាំងការប្រកួតល្ងាចនេះ ដែលជាការប្រកួតដ៏សំខាន់ បើក្រុម Johor Darul Ta'zim នោះក្រុមជើងខ្លាំងម៉ាឡេស៊ីនេះ នឹងកក់កៅអីវគ្គបន្ដ ដោយស្វ័យប្រវត្តិ តែបើសិនក្រុមបឹងកេតឈ្នះវិញ នោះក្រុមទាំងពីរត្រូវចាំអ៊ុតលទ្ធផល ប្រកួតចុងក្រោយសិន ៕