(ភ្នំពេញ)៖ របាយការណ៍ក្រសួងកសិកម្ម បានបង្ហាញថា រយៈពេល ៤ខែ ពោលចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ បទល្មើសនេសាទចំនួន ៧៣០ករណី ត្រូវបានបានបង្រ្កាប។
របាយការណ៍នេះ ត្រូវបានបង្ហាញនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមរំលឹកថា ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កាលពីខែធ្នូ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប មានលោក វេង សាខុន ជាប្រធាន។
ក្រោយគណៈកម្មការនេះចេញជារូបរៀង ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានធ្វើឡើងយ៉ាងក្តៅគគុក ជាពិសេសសម្តេចក្រឡាហោម ស ខេង បានធ្វើដំណើរតាមយន្តហោះត្រួតពិនិត្យបទល្មើសលើផ្ទៃបឹងទន្លេសាបជាញឹកញាប់ផងដែរ។
ក្នុងពិធីបិទសន្និបាទក្រសួងកសិកម្មកាលពីដើមខែមេសានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦កន្លងទៅ ក្រសួងបានបង្រ្កាបបទល្មើសបានចំនួន ៣៦៥០ករណី បើធៀបឆ្នាំ២០១៥ មានការថយចុះ ៣២៤ករណី ក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន ៣០៩៦ករណី ពិន័យអន្តរការណ៍ ចំនួន ៣៨៥ករណី និងបញ្ជូនទៅតុលការ ១៦៩ករណី៕