(វ៉ាស៊ីនតោន)៖ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងព្រមានធ្ងន់ៗកាលពីសប្តាហ៍មុនថា រូបលោកបានបញ្ជូនកងនាវាចម្បាំងដ៏មានអនុភាពភាព ដើម្បីឲ្យទៅកំញើញប្រទេសកូរ៉េខាងជើងនោះ ក្រុមនាវាដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនេះ បែរជាស្ថិតនៅយ៉ាងឆ្ងាយពី ឧបទ្វីបកូរ៉េទៅវិញ ដោយនៅពេលនេះបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលីឯណោះវិញ ជាទីដែលអនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងទៅបំពេញទស្សនកិច្ចចុងក្រោយគេ ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧៕
ជុំវិញបញ្ហានេះទីបញ្ជាការយោធាអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានពន្យល់បកស្រាយនាថ្ងៃពុធនេះ ក្រុមនាវាចម្បាំងឥឡូវនេះកំពុងតែរៀបចំដំណើរការបន្តឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិចតាមការបញ្ជាហើយ។
គួរបញ្ជាក់កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ក្រុមនាវាដឹកនាំដោយនាវាចម្បាំង-នុយក្លេអ៊ែរ USS Carl Vinson ត្រូវបានបញ្ជាឲ្យដកខ្លួនចេញពីការធ្វើសមយុទ្ធនានា ហើយបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េភ្លាមៗតែម្តង ដើម្បីទប់ទល់នឹងការបង្កហេតុណាមួយរបស់កូរ៉េខាងជើង ស្របពេលដែលស្ថានការណ៍មានការតានតឹងបំផុតមិនធ្លាប់មាន ប៉ុន្តែពេលនេះគេនៅមិនដឹងថា តើនេះជាយុទ្ធសាស្ត្រថ្មីរបស់អាមេរិក ឬមួយក៏យ៉ាងណានោះឡើយ៕