(ភ្នំពេញ)៖ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៧ ដែលទើបកន្លងផុតទៅនេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកទីក្រុង និងទីជនបទ បានសម្រាកពីការងារ និង បានជួបជុំក្រុមគ្រួសារ សាច់ញាតិ ញ៉ាំងឲ្យបរិយាកាសជីវិតរបស់ប្រជាពលរដ្ឋខ្មែរ កាន់តែរីករាយក្រោមម្លប់សន្តិភាព។

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មិនថាតែខេត្តសៀមរាប ដែលមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាំឲ្យពលរដ្ឋខ្មែរចូលរួមលេង សប្បាយយ៉ាងច្រើនកុះករនោះទេ នៅរមណីយដ្ឋានតាមបណ្តាខេត្ត ដូចជាខេត្តកំពត ព្រះសីហនុ កោះកុង ដែលជាខេត្តទេសចរណ៍តំបន់ឆ្នេរ និងខេត្តអេកូទេសចរណ៍នៅភូមិភាគឦសាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក៏មានប្រជាពលរដ្ឋទៅលេងកម្សាន្ត យ៉ាងច្រើនកកកុញផងដែរ។

ក្រុមគ្រួសារខ្មែរខ្លះ បានធ្វើដំណើរទៅលេងកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ជាច្រើនខេត្ត ដោយចេញពីខេត្តមួយ ឆ្ពោះទៅខេត្តមួយ ប្រកបដោយភាពសប្បាយរីករាយ។ តាមដងផ្លូវជាតិ ដែលភ្ជាប់ពីរាជធានី ទៅតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ត្រូវបានមមាញឹកដោយយានយន្តមានទាំងរថយន្ត និងម៉ូតូ របស់ប្រជាពលរដ្ឋធ្វើដំណើរឆ្ពោះ ទៅកាន់តំបន់ទេសចរណ៍ជាគោលដៅរបស់ពួកគេ។

តាមការសង្កេតក្នុងឱកាសចូលឆ្នាំថ្មី កំណើនភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានា ហាក់មានការកើនឡើងជារៀងរាល់ឆ្នាំ។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៧នេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានជាង ៤លាននាក់ (៤,១៨៩,៧៥១នាក់) កើន ៣៣.៦% បើធៀបឆ្នាំ២០១៦ និង ទេសចរអន្តរជាតិមានជាង ៦ម៉ឺននាក់ (៦៥,៦៩៤នាក់) កើន ៦.៦% ធៀបឆ្នាំ២០១៦។ ភ្ញៀវទេសចរទាំងនេះ បានចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ក្នុងអំឡុងដើរលេងកម្សាន្ត ដែលបានផ្តល់លំហូរថវិកាយ៉ាងច្រើនទៅដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាគោលដៅទេសចរណ៍។

មានកត្តាច្រើនយ៉ាង ដែលនាំឲ្យមានកំណើនភ្ញៀវទេសចរនេះមានដូចជា កំណើនប្រជាពលរដ្ឋ ភាពរីកចម្រើនផ្នែកជីវភាព ភាពល្អប្រសើរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ស្ពាន ថ្នល់)។ បណ្តាញផ្លូវ និងស្ពាន ត្រូវបានគេមើលឃើញថា ប្រទាក់ក្រឡាគ្នាពីខេត្តមួយទៅខេត្ត ដែលបង្កភាពងាយស្រួលដល់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ពោលអ្នកដើរកម្សាន្តមានជម្រើសច្រើន​ ក្នុងការធ្វើដំណើររបស់ពួកគេ ទៅកាន់តំបន់ទេសចេសចរណ៍ ដែលពួកគេពេញចិត្ត។

កត្តាចម្បង និងសំខាន់មួយទៀតនោះ គឺកត្តាសន្តិសុខ សុវត្ថិភាព ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរធ្វើដំណើរទៅគ្រប់ទីកន្លែង ទោះបីថ្ងៃ ឬ យប់ មិនបានបង្កការព្រួយបារម្ភពីសុវត្ថិភាព ដូចអតីតកាលនោះឡើយ។

និយាយដល់សន្តិសុខសុវត្ថិភាពនេះ យើងអាចក្រឡេកទៅមើលស្ថានភាពប្រទេសជាតិ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០-៩៨ ពេលដែលខ្មែរមិនទាន់បានបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ បានទាំងស្រុងនោះ ប្រជាពលរដ្ឋខ្មែរ មិនអាចធ្វើដំណើរទៅតាមបណ្តាខេត្ត បានដោយងាយស្រួលនោះឡើយ ដោយសារកត្តាផ្លូវ ជាពិសេសក្រុមចោរប្លន់តែងបានស្ទាក់បាញ់ប្លន់ និង បង្កឲ្យពលរដ្ឋខ្មែរ ស្លាប់ស្ទើររាងរាល់ថ្ងៃ ដូច្នេះមិនមានប្រជាពលរដ្ឋខ្មែរណា អាចដើរកម្សាន្តបាននោះឡើយ។

ចាប់តាំងពីខ្មែរស្វែងរកសន្តិភាពបានពេញលេញ ក្រោមការដាក់ចេញយុទ្ធសាស្រ្តឈ្នះឈ្នះ របស់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដោយប្រមូលទ័ពរបស់ខ្មែរក្រហមទាំងអស់ មកធ្វើជាកងទ័ពរបស់រាជរដ្ឋាភិបាល ការស្ទាក់បាញ់ប្លន់នៅតាមដងផ្លូវឆ្ពោះទៅតាមបណ្តាខេត្ត ក៏លែងមានផងដែរ។

តាមបរិមាណអ្នកទេសចរដែលកើនឡើងជាងរៀងរាល់ឆ្នាំ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ ជាកញ្ចក់ឆ្លុះបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន កំពុងធ្វើដំណើរលើផ្លូវមួយ ដ៏ល្អប្រសើរក្នុងការនាំមកនូវភាពរីកចម្រើន និងភាពសុខដុមជូនប្រជាពលរដ្ឋកម្ពុជា ក្រោមដំបូលសន្តិភាព នៃប្រទេសជាតិ ដែលកម្ពុជារក្សាបានក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ (គិតចាប់ពីឆ្នាំ១៩៩៨ ពេលកម្ពុជាបានបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្រ្គាម)។

ថ្ងៃ១៧ ខែមេសា កន្លងទៅនេះ បើនឹកទៅដល់ ៤២ឆ្នាំមុន គឺជាថ្ងៃដែលបនប្រល័យពូជសាសន៍ ប៉ុល ពត ដណ្តើមកាន់កាប់រាជធានីភ្នំពេញ វាគឺពេលវេលា នៃមរណៈរបស់ប្រជាពលរដ្ឋខ្មែរ។ វាពេលវេលាមួយ ដែលប្រជាពលរដ្ឋខ្មែរក្មេង ចាស់ ប្រុស ស្រី ត្រូវបានបង្ខំឲ្យចាកចេញពីរាជធានីភ្នំ ពេញយ៉ាងវេទនាជាទីបំផុត។

ផ្ទុយទៅវិញ ១៧ មេសា ឆ្នាំ២០១៧ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានវិលត្រឡប់ពីលេងកម្សាន្តនៅស្រុកកំណើត និងរមណីយដ្ឋាននានា ឆ្ពោះចូលមករាជធានីភ្នំពេញ ដើម្បីបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ក្រោយសម្រាកលំហែកាយអស់ជាច្រើនថ្ងៃ។ ខណៈដែលប្រជាពលរដ្ឋខ្មែរខ្លះកំពុងបន្តដំណើរកម្សាន្ត របស់ពួកគេនៅឡើយ។

ទិដ្ឋភាព នៃការជួបជុំ និងដើរលេងកម្សាន្តដ៏សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ វាជាសក្ខីភាពមួយយ៉ាងប្រត្យក្សបង្ហាញឲ្យឃើញថាប្រទេសកម្ពុជា រយៈពេលប្រមាណ ១៩ឆ្នាំ ក្រោយបញ្ចប់សង្រ្គាមទាំងស្រុង បាននិងកំពុងបោះជំហានទៅរកភាពរីកចម្រើនជាលំដាប់ ផ្ទុយស្រឡះពីការលើកឡើងរបស់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលតែងផ្ញើខ្លួនក្រៅប្រទេស និយាយប្រដូចស្ថានភាពប្រទេស ជាតិនាពេលបច្ចុប្បន្នទៅនឹងរបបអាវខ្មៅកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

សរុបសេចក្តីមកតម្លៃសន្តិភាពពិតជាមានសារៈសំខាន់សម្រាប់ជាតិកម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាឲ្យបាន មិនត្រូវបណ្តែតបណ្តោយខ្លួនលង់លក់លើការញុះញង់ អូសទាញណាមួយ នាំក្តីវិនាសអន្តរាយសម្រាប់ជាតិ ឲ្យធ្លាក់ក្នុងអន្លង់អន្តរាយដូចអតីតកាលទៀតនោះឡើយ។ ដរាបណាកម្ពុជារក្សាបាននូវសុខសន្តិភាពនេះ គេជឿជាក់វឌ្ឍនភាពជាតិ និងភាពរីកចម្រើនផ្នែកជីវភាព របស់ប្រជាពលរដ្ឋនឹងកើតមានឡើងឥតឈប់ឈរនោះឡោះយ៕