(ពោធិ៍សាត់)៖ មន្រ្តីនគរបាលមូលដ្ឋានបានថ្លែងប្រាប់ឲ្យដឹងថា ដោយសាររឿងទំនាស់ព្រំប្រទល់ដីភូមិជាប់គ្នា, យុវជនចិត្តឆេវឆាវ៣នាក់បងប្អូន ទាញកាំបិតផ្លោះរបង ចូលកាប់បុរសម្នាក់ជាច្រើនកាំបិតដល់ក្នុងផ្ទះ បណ្តាលឲ្យបុរសនោះរងរបួសធ្ងន់រហូតដល់ស្លាប់។ ករណីកើតឡើងនៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ កន្លែងកើតហេតុនៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យមានគ្នា០៣នាក់ ជាបងប្អូនបង្កើតជាមួយគ្នានោះទី១មានឈ្មោះ រ៉ែន រី អាយុ២៩ឆ្នាំ, ២៖ ឈ្មោះ រ៉ែន រ៉ា អាយុ២៧ឆ្នាំ, ៣៖ ឈ្មោះ រ៉ែន រ៉ូ អាយុ២៥ឆ្នាំ យុវជនចិត្តឆេវឆាវទាំង៣នាក់នេះ ជាជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះ ធូ សាម៉េន អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង០៣នាក់បានរត់គេចខ្លួនបាត់ ករណីរឿងនេះសមត្ថកិច្ចកំពុងស្វែងរកតាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕