(អង់ការ៉ា)៖ គណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសតួកគី បានស្នើឱ្យលុបចោលទាំងស្រុងលទ្ធផលបោះឆ្នោតប្រជាមតិ ស្ដីពីការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីថ្ងៃអាទិត្យ ក្រោមហេតុផលមានការរំលោភបំពានមួយ ចំនួនបានកើតឡើងនៅក្នុងអំឡុងពេល បោះឆ្នោត។ ទនឹ្ទមគ្នានោះក្រុមមេដឹកនាំអឺរ៉ុប និងក្រុមអ្នកឃ្លំាមើលស្ថានការណ៍នយោបាយនៅតួកគី ក៏បានរិះគន់ផងដែរ លើការបោះឆ្នោតប្រជាមតិនេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បែរជាសម្ដែងការសារទរដល់ជ័យជម្នះរបស់លោក អឺដូហ្កាន់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។

គណបក្សសាធារណរដ្ឋប្រជាជនតួកគី CHP បានដាក់សំណើទៅកាន់ក្រុមប្រឹក្សាកំពូលរៀបចំការបោះឆ្នោត SEC ដើម្បីលុបចោលលទ្ធផលបោះឆ្នោតប្រជា មតិសំដៅពង្រឹងអំណាចរបស់ប្រធានាធិបតីតួកគីលោក រីស៊ីប តាយយ៉ីបអឺដូហ្កាន់ ដែលបានច្រានចោល រាល់ការរិះគន់ទំាងឡាយលើលទ្ធផលបោះឆ្នោត ដោយថែមទាំងអះអាងថា លទ្ធផលបោះឆ្នោតនេះគឺបានបង្ហាញពីការចង់បាន និងឆន្ទៈនៃប្រជាជនតួកគី។ ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យគណបក្ស CHP សំណើលុបចោលទាំងស្រុង នូវលទ្ធផលបោះឆ្នោតប្រជាមតិត្រូវបានដាក់ជូន SEC នៅម៉ោង១៤៖៣០នាទី ហើយការស្នើសុំនេះទៀតសោត ធ្វើឡើងដោយសារតែមានការរំលោភលើច្បាប់​ នៅក្នុងអំឡុងពេលបោះឆ្នោត។

គួរបញ្ជាក់ថា ផ្អែកលើការបោះឆ្នោតប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ នឹងកាន់តែមានអំណាចខ្លាំងជាងមុនទៅទៀត រហូតដល់មានសិទ្ធិរំលាយសភា និងតែងតាំងរដ្ឋមន្ត្រីជាដើម ហើយមិនតែប៉ុណ្ណោះ លោក អឺដូហ្កាន់ ផ្ទាល់ក៏បានសន្យាដែរថា លោកអាចនឹងរៀបចំការបោះ ឆ្នោតប្រជាមតិមួយផ្សេងទៀត លើការដាក់ឱ្យដំណើរការឡើងវិញ ទោសប្រហារជីវិតនៅក្នុងប្រទេសតួកគី៕