(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ទេវតាឆ្នាំរកា, នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ មិត្តអ្នកអានដែលមានឈ្មោះ ឥន្ធនូ៧ពណ៌ សុំចេញផ្សាយនូវលិខិតមិត្តអ្នកអានបែបកំប្លែងមួយដែលធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទេវតាឆ្នាំថ្មី ឆ្នាំរកា។
NATO TV៖ កាលមុនថ្ងៃចូលឆ្នាំ ទេវតាបានបញ្ជាក់ថា ពិភពលោកនេះមានទាំងទេវតាខ្មែរ និងទេវតាបរទេស។ ខ្ញុំចង់បន្តសំណួរថា ទេវតាបរទេសដូចជាមិនធ្វើឱ្យប្រជាជន របស់គេវេទនា ខ្លោចផ្សារ និងភិតភ័យទេ ហេតុអ្វីទេវតាខ្មែរធ្វើមិនបាន សម្រាប់ប្រជាជនជាទីស្រឡាញ់ខ្លួន?
ទេវតាឆ្នាំរកា៖ សំណួរល្អ តែឆ្ងល់ត្រង់ថា លោកធ្វើដល់អ្នកព័ត៌មានក្នុងទូរទស្សន៍ផង រឿងរ៉ាវអន្តរជាតិខ្លះក៏លោកមិនបានដឹងដែរ។ លោកមិនឃើញទេ ក្នុងពេលដែលប្រជាជន ខ្មែរមានការរីករាយសប្បាយជាមួយការអបអរចូលឆ្នាំ ពិភពលោកស្ទើរតែទាំងមូលនាំគ្នាភិតភ័យពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េ និងសង្គ្រាមលោកលើកទី៣? ខ្ញុំសូមរំលឹកលោក ជាថ្មីថា រឿងរបស់ទេវតា គឺជារឿងទេវតា រឿងរបស់មនុស្សលោកជារឿងមនុស្សលោក តែបើជារឿងឈឺចាប់របស់មនុស្សទេ លោកនាំគ្នាតែមកបន្ទោសទេវតាបែបហ្នឹង មិនមែនជារឿងត្រឹមត្រូវនោះទេ។
NATO TV៖ អូខេ បើអ៊ីចឹង ហេតុអ្វីទេវតាគ្មានការភិតភ័យ ហើយមិនប្រាប់ប្រជាជនខ្លួនឱ្យមានការប្រុងប្រយ័ត្ន ដើម្បីសុខសន្តិភាព និងសុវត្ថិភាពប្រជាជន បើទេវតាដូចលោក មិនបានគិតគូរហ្មតចត់ដល់ប្រជាជនខ្មែរមែននោះ វាជាគ្រោះមហន្តរាយធំណាស់... ខណៈប្រជាជនខ្មែរ កំពុងតែក្រស្រាប់ហើយបើជួប សង្គ្រាមពិតជារឿងពិបាកធំហើយ...
ទេវតាឆ្នាំរកា៖ រំលឹកលោកជាថ្មីទៀតទៅចុះ ខ្ញុំថាកម្មនរណាធ្វើ អ្នកនោះទទួល។ រឿងក្រនិងមាន ជារឿងជីវិត? ទេវតាមិនអាចជួយគ្រប់រឿងបានទេ? ប៉ុន្តែរឿងនៅឧបទ្វីកូរ៉េ និងការចូលទៅញ៉ុះញ៉ង់បន្ថែមដើម្បីក្តោបក្តាប់អំណាចពិភពលោក និងប្រយោជន៍សេដ្ឋកិច្ចជាតិ វាជារឿងផ្សេង។ លោកមិនធ្លាប់ឃើញបាបកម្ម ដែលកើតមានលើប្រទេស ខិលខូចមួយចំនួនណានោះទេឬ? ប្រទេសខ្មែរនៅក្រ ប៉ុន្តែទេវតាខ្ញុំរីករាយនិងមានមោទនភាពបានគ្រប់គ្រងដែនដីសុវណ្ណភូមិនេះ។ សុខសន្តិភាពបរិបូរណ៌និងមានការអភិវឌ្ឍ ប្រជាជនបានទទួលសុភមង្គលជាមួយមុខរបរ និងជីវភាពតាមបែបរៀងៗខ្លួន ពិសេសជីវិតជួបជុំក្រុមគ្រួសារពេលបុណ្យចូលឆ្នាំ ឬក្នុងពិធីបុណ្យទាននានា។ បើលោកបានទៅលេង Pub Street សៀមរាប នៅថ្ងៃចូលឆ្នាំទី១ ដល់ទី៣ ទើបលោកកាន់តែយល់ច្បាស់ថា ភាពសប្បាយរីករាយប្រកបដោយសាមគ្គីភាព និងសុភមង្គល បែបនេះ មិនមែនកើតចេញដោយឯងៗទេ។ ប្រជាជនទាំងខ្មែរនិងបរទេស ដើរលេង និងទស្សនាកំសាន្តយ៉ាងសប្បាយ។ អ្នកខ្លះលេងចាក់ទឹក បង្កើតភាពរីករាយនិងត្រជាក់ត្រជុំ ក្នុងរដូវដែលកំពុងមានភាពស្អុះស្អាប់។
វាជាអារម្មណ៍ផ្លូវចិត្ត វាជាមនោគតិ និងមនោយិតដែលគ្រប់គ្នា ធ្វើដោយមិនមានការព្រួយបារម្ភសោះ។ បើលោកជាប្រជាជនអាមេរិក ឬកូរ៉េទាំងពីរវិញ លោកអាចមានអារម្មណ៍បែបនេះទេ ក្នុងពេលដែលភាពតានតឹងនៃសង្គ្រាមកំពុងតែកើតមាននោះ? ប្រាប់លោកមួយទៀតទៅចុះ ខ្មែរសប្បាយមិនមែនតែ នៅស្រុកខ្មែរទេ នៅបរទេស អឺរ៉ុប អាមេរិក និងខ្មែរដែលទៅធ្វើកម្មវិធីចូលឆ្នាំនៅប្រទេសកូរ៉េ សរុបជាង២ម៉ឺននាក់ ក៏ខ្មែរនាំគ្នាសប្បាយ ក៏ព្រោះពួកគាត់មានអារម្មណ៍ថាខ្មែរ ស្រឡាញ់វប្បធម៌ និងជាតិមាតុភូមិ។ លោកមិនមើល Facebook ទេ ខ្ញុំឃើញរដ្ឋមន្ត្រីក្រសួងការងារ លោកនាំមន្ត្រីជាន់ខ្ពស់របស់លោក ទៅអបអរចូលឆ្នាំជាមួយកម្មករខ្មែរ នៅទីនោះយ៉ាងសប្បាយរីករាយ? ទាំងនេះ មិនមែនកើតចេញមកពីសកម្មភាពអច្ឆរិយៈឯកឯងនោះទេណា!..
NATO TV៖ មកពីខ្មែរសប្បាយភ្លេចខ្លួនទេដឹង? ព្រោះតែខ្មែរសប្បាយភ្លេចមុខភ្លេចក្រោយហ្នឹងហើយ បានជាខ្មែរត្រូវឆ្លងកាត់សង្គ្រាម ត្រូវបរទេសឈ្លានពាន និងជួបរឿងរ៉ាវនៃភាពល្វីងជូរចត់ ស្ទើរថ្លែងមិនចេញ? ចុងក្រោយអ្វីៗត្រូវបរទេសប្រមូលយកទៅចង់អស់?
ទេវតាឆ្នាំរកា៖ លោកភ្លេចថា លោកជាជាតិខ្មែរទេដឹង? ឬក៏លោកក្លាយខ្លួនជាខ្មែរបរទេសដូច ជុន ច័ន្ទបុត្រ វិទ្យុអាសុីសេរីហើយ? អ្វីៗពីខ្មែរខ្លួនឯងសុទ្ធតែអាក្រក់ ហើយអ្វីដែលជាបរទេស គឺសុទ្ធតែល្អ? មួយទៀតបើមិនមែនខ្មែរប្រឆាំងទេ គឺជាខ្មែរចោលម្សៀត ឬខ្មែរតិរច្ឆាន ដូចអន្ទិតឈ្មោះលីមស្អីនោះ ដែលគាត់ចោទប្រកាន់ខ្មែរក្នុងស្រុក ប្រទេសកម្ពុជាកន្លែងផ្តល់កំណើតខ្លួន អាងថាគាត់កំពុងរស់នៅអូស្ត្រាលី? កុំបរទេសនិយមពេក ល្អនិងអាក្រក់ គួរវែកញែកឱ្យបានល្អក្នុងនាមជាអ្នកមានការអប់រំខ្ពង់ខ្ពស់ និងជាតិខ្មែរមានសេចក្តីថ្លៃថ្នូរ។ ខ្មែរបាត់បង់អ្វីខ្លះទៅ? មានតែការបាត់បង់សតិសម្បជ្ជញ្ញៈជាខ្មែរទេ ទើបជាការបាត់បង់ដែលពិបាកស្តារត្រឡប់មកវិញ។
លោកមិនបើកភ្នែកឃើញទេថា ប្រទេសខ្មែរកំពុងដើរក្នុងកំរិតណា? កំណើនសេដ្ឋកិច្ច៧ចុចជាង តើមានប្រទេសណាខ្លះអាចធ្វើបាន? បើនិយាយពីភាពអត់ឃ្លាន អាមេរិក ក៏កំពុងកើតមានដែរ? តើលោកមិនឃើញខ្សែវីឌីអូ របស់ប្អូនស្រី Nim Vannak ថតពីស្ថានភាពអ្នកគ្មានផ្ទះសម្បែងរស់នៅតាមចិញ្ចើមថ្នល់ក្នុងរដ្ឋ Los Angles ប្រទេសអាមេរិកនោះទេឬ? ក្រ និងមាន ទីណាក៏មានដែរ?
NATO TV៖ ត្រឡប់មកភារកិច្ចទេវតាឆ្នាំរកា ឆ្នាំ២០១៧ តើទេវតាត្រូវបន្តបេសកកម្មអ្វីខ្លះទៀត ដើម្បីប្រជាជន និងប្រទេសខ្មែរ ឬក៏មកតែបង្គ្រប់កិច្ចដូចទេវតាមុនៗ បើអញ្ចឹងមែនចប់ហើយ។
ទេវតាឆ្នាំរកា៖ អ៊ីចឹង លោករំពឹងថា ឲ្យខ្ញុំធ្វើកិច្ចការមហិមាកម្រិតពិភពលោក ដូចប្រទេសមួយចំនួនខ្លះដែលជាមហាអំណាចសេដ្ឋកិច្ច ឬមហោអំណាចយោធាឬ? ខ្ញុំសូមត្រឹមជាមហាអំណាច សន្តិភាពបានហើយ ព្រោះឃើញខ្មែរធ្លាប់បានឆ្លងកាត់ច្រើនលើសលប់ពេកហើយ។ ខ្ញុំសូមប្រាប់លោក និងសូមរំលឹកម្តងទៀត (ខ្ញុំរំលឹកជូនលោកចំនួន៣រឿងហើយ) រំលឹកជូនជ្រាបថា ខ្ញុំគ្រប់គ្រងតែផែនដី តែនាយករដ្ឋមន្ត្រីគ្រប់់គ្រងប្រទេស! ខ្ញុំក៏មិនយល់ពីកិច្ចការគ្រប់គ្រងប្រទេសអស់ដែរ ប៉ុន្តែអ្នកដឹកនាំនៅលើពិភពលោក បើអាចស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍបាន ទោះមិនមានល្បឿនលឿនដូចពួកបស្ចឹមប្រទេសក៏ដោយ វាជាបេសកកម្មមិនអាចកាត់ថ្លៃបានហើយ។ តើលោកគិតថា ប្រជាជនអាមេរិកចង់បានសង្គ្រាមទេ? ច្បាស់ណាស់ប្រាកដជាអត់ទេ បើជឿខ្ញុំបានក៏ជឿទៅ? សម្តេចតេជោ លោកធ្វើរឿងដែលអ្នកដឹកនាំពិភពលោក និងខ្មែរខ្លះជាច្រើន ធ្វើមិនបាន នេះជាភាពអស្ចារ្យ និងសមត្ថភាពដោយឡែករបស់លោក។ ទោះលោកមានការដឹកនាំ មិនមានលក្ខណៈល្អឥតខ្ចោះ ប៉ុន្តែទាំងឋានទេវតា និងប្រជាជនកម្ពុជា អាចទទួលស្គាល់លោកថា ជាវីរៈបុរសរបស់ជាតិពិត តើមាននរណាអាចធ្វើលើសហ្នឹងបាន?
NATO TV៖ បើទេវតាកាន់ជើងសម្តេចតេជោពេកចឹង សុំសួរថាតើរឿងពុករលួយម្តេចកើតមានច្រើនម្ល៉េះ? ហើយប្រជាជននៅតែក្រទេវនា មិនដូចប្រទេសអភិវឌ្ឍន៍នានាអញ្ចឹង?
ទេវតាឆ្នាំរកា៖ ខ្ញុំឈប់រំលឹកលោកហើយ ព្រោះមនុស្សដូចលោកយល់ធ្វើមិនយល់ ល្ងង់ធ្វើមិនចេះ ល្ងង់បែបនេះ លោកពិតជាបុគ្គលពិបាកអប់រំណាស់។ ខ្ញុំសួរសំណួរសាមញ្ញ មួយទៅចុះ តើប្រទេសណាដែលគ្មានអំពើពុករលួយសោះ? សូម្បីប្រទេសស្អាតស្អំលើពិភពលោក ប្រទេសសិង្ហបុរី គ្រាន់តែមានអត្រា អំពើពុករលួយតិចតួចបំផុតប៉ុណ្ណោះ តែនេះមិនមែនបញ្ជាក់ថា គ្មានអំពើពុករលួយមិនកើតមាននោះទេឬ? ហើយកត្តាដែលមានអំពើពុករលួយតិចតួចនេះ ដោយសារប្រទេសគេមានចំណូលច្រើន ប្រាក់ខែល្អ និងប្រជាជនទទួលបានការអប់រំខ្ពស់។ តើនៅសំណួរបន្ទាប់លោកនឹងសួរខ្ញុំថា បើដឹងអ៊ីចឹង ម្តេចមិនប្រឹងឱ្យដូចគេ? បើលោកសួរដូច្នេះមែន លោកកាន់តែមានបញ្ហាការ គិតហើយ ប្រទេសនីមួយៗមានបរិបទនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចខុសគ្នា។ បើគ្រួសារលោកក្រ ហើយគេសួរថា ម្តេចលោកមិនប្រឹងធ្វើមានស្អែក តើលោកនឹងឆ្លើយប្រាប់ គេយ៉ាងណា? យើងមានតែនិយាយថា ថ្ងៃនេះយើងនៅក្រ ហូបនៅខ្វះខាត តែថ្ងៃក្រោយយើងនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីជីវភាពសមរម្យ និងហូបគ្រប់គ្រាន់... ទាំងនេះជាពាក្យទាំងឡាយដែលឪពុកម្តាយគ្រប់គ្នាតែងលួងលោម និងលើកទឹកចិត្តកូន។
NATO TV៖ បើទេវតាសួរមុនខ្ញុំ និងសួរបញ្ច្រាសមកខ្ញុំវិញអ៊ីចឹង ចប់ត្រឹមហ្នឹងម៉ងទៅ ចឹង!
ដោយ៖ ឥន្ធនូ៧ពណ៌