(កូរ៉េខាងត្បូង)៖ ថ្លែងពីសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រុមហ៊ុនផលិតសម្ភារៈបន្ទប់ទឹក ជាប់លំដាប់លេខ១ នៅកូរ៉េខាងត្បូង បានលើកឡើងពីបំណងមកវិនិយោគនៅកម្ពុជា ដែលការមកវិនិយោគនេះ ក្រុមហ៊ុននឹងទទួលយកពលករខ្មែរ ឲ្យបម្រើការក្នុងរោងចក្ររបស់ខ្លួន។
លោករដ្ឋមន្រ្តីបញ្ជាក់បែបនេះ ក្រោយពេលលោក និងគណៈប្រតិភូកម្ពុជា អញ្ជើញទៅទស្សនកិច្ច នៅរោងចក្រផលិតសម្ភារៈបន្ទប់ទឹក ជាប់លំដាប់លេខ១ខាងលើ មានឈ្មោះ Saturn Bath Co.LTD ស្ថិតនៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ ដែលមានសមត្ថភាពផ្គត់ផ្គង់ ដល់ក្រុមហ៊ុនសំណង់ធំៗ ក្នុងប្រទេសនេះ និងកំពុងនាំចេញទៅ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ។
លោកថ្លែងយ៉ាងដូច្នេះថា «ក្រុមហ៊ុននេះ បានចុះ MoU ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីដំឡើងរោងចក្រនៅទីនោះ ហើយរោងចក្រក៏មានបំណង ទៅវិនិយោគនៅកម្ពុជាផងដែរ ដោយទទួលយកពលករកម្ពុជា ដែលកំពុងតែធ្វើការឱ្យរោងចក្រនេះ ឲ្យបម្រើការក្នុងរោងចក្រផ្ទាល់ (ពេលមកវិនិយោគនៅកម្ពុជា) នៅពេលចប់អាណត្តិការងារ ត្រឡប់ទៅកម្ពុជាវិញ»។
លោករដ្ឋមន្រ្តី អ៊ិត សំហេង បានបន្តថា នៅពេលនេះ ក្រុមហ៊ុនដ៏ចំណានខាងលើនេះ មានគម្រោងបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ ដល់ពលករកម្ពុជា ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់ ពេលត្រឡប់មកកម្ពុជាវិញ អាចធ្វើការជាមួយក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនផ្សេងៗបាន។
លោកបានជម្រាបដែរថា បច្ចុប្បន្ន កម្ពុជាកំពុងមានការអភិវឌ្ឍខ្លាំងលើវិស័យសំណង់ ដែលត្រូវការសម្ភារៈគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ការសាងសង់ និងត្រូវការអ្នកមានជំនាញផ្នែកនេះផងដែរ។ លោករដ្ឋមន្រ្តីបានកោតសរសើរ ចំពោះក្រុមហ៊ុនរោងចក្រ ដែលបានយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញដល់ពលករកម្ពុជា៕