(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ បានសម្រេចឃុំខ្លួន ស្ត្រីម្ចាស់ហាង បារាយណ៍ស្ប៉ា ស្ថិតក្នុងតំបន់កម្សាន្ត Pub Street ក្រុងសៀមរាប បន្ទាប់ពីធ្វេសប្រហែសរាយខ្សែភ្លើង បណ្តាលឲ្យឆក់យុវតីម្នាក់ស្លាប់ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាយប់ចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី។

មន្ត្រីជាន់ខ្ពស់នៅតុលាការខេត្តសៀមរាប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសានេះថា បន្ទាប់ពីព្រះរាជរង លោក សំរិទ្ធ សុខន សាកសួរចម្លើយ និងសម្រេចចោទប្រកាន់ស្ត្រីម្ចាស់ហាង ឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា ហើយត្រូវបានតុលាការ សម្រេចឃុំខ្លួនផងដែរ។  

សូមជម្រាបថា នៅរសៀលថ្ងៃទី១៨ ខែមេសានេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួនម្ចាស់ហាង បារាយណ៍ស្ប៉ា ទៅតុលាការ បន្ទាប់ពីធ្វើការស្រាវជ្រាវ ករណីយុវតីម្នាក់បានស្លាប់ ដោយសារឆក់ខ្សែភ្លើង នៅក្នុងតំបន់កម្សាន្ត Pub Street ហើយរកឃើញថា ម្ចាស់ហាងម៉ាស្សាខាងលើ បានធ្វេសប្រហែសធ្ងន់ធ្ងរ ដោយបានរាយខ្សែភ្លើងមិនត្រឹមត្រូវ ទើបបណ្តាលឲ្យមានករណី ឆក់យុវតីម្នាក់នោះស្លាប់។

យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ ឈ្មោះ លី មុនីរដ្ឋានី អាយុ១៤ឆ្នាំ មានលំនៅដ្ឋាននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារឆក់ខ្សែភ្លើង នៅតំបន់កម្សាន្ត Pub Street នៅក្នុងក្រុងសៀមរាប នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខណៈរូបគេកំពុងតែរាំកម្សាន្ត។ ក្រោយកើតហេតុឆក់ខ្សែភ្លើងនេះ សមត្ថកិច្ចបាននាំយុវតីរងគ្រោះទៅ ជួយសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជាអកុសលហួសពេលទៅហើយ៕