(ភ្នំពេញ)៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) និងក្រុមហ៊ុន Smart Axiata Co., Ltd. (“Smart”) បានរួមគ្នាប្រកាសការចាប់ដៃគូរយៈពេលវែង ដែលក្នុងនោះ អេ អាយ អេ ខេមបូឌា នឹងប្រើប្រាស់សេវាកម្មដ៏ទំនើបរបស់ Smart ដើម្បីនាំយកនូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតបែបថ្មី មកជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីបំពេញតម្រូវការលើការការពារផ្នែកហិរញ្ញវត្ថុ និងការសន្សំរយៈពេលវែង ដែលកំពុងតែកើនឡើង។
អេ អាយ អេ ខេមបូឌា ជាផ្នែកមួយនៃ AIA Group Limited ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតឯករាជ្យចុះបញ្ជីធំជាងគេបំផុតក្នុងតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរ ទូទាំងពិភពលោក។ អេ អាយ អេ ខេមបូឌា បានទទួលអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីដើមឆ្នាំនេះ ហើយរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយSmart ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបម្រើប្រជាពលរដ្ឋច្រើនជាង៨លាននាក់ទូទាំង២៥ ខេត្ត-ក្រុង ជាមួយនិងសេវាអ៊ិនធឺណិតចល័តល្បឿនលឿនបំផុតនៅកម្ពុជា គឺប្រព័ន្ធ4G LTE ពីក្រុមហ៊ុន Smart។
Smart នឹងផ្តល់ការគាំទ្រដល់ អេ អាយ អេ ខេមបូឌា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋកម្ពុជា និងធ្វើឲ្យប្រព័ន្ធផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងជីវិតដែលមានបច្ចេកវិទ្យាខ្ពស់បំផុតរបស់ អេ អាយ អេ ខេមបូឌា ដំណើរការទៅបានតាមរយៈបណ្តាញទូរគមនាគមន៍ដែលឈានមុខក្នុងទីផ្សារ និងសេវាកម្មហិរញ្ញវត្ថុចល័តរបស់ខ្លួន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនទាំងពីរ នឹងសហការគ្នា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃកម្ពុជាឲ្យបានយូរអង្វែង។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានឲ្យដឹងថា «យើងរីករាយចំពោះការចាប់ដៃគូរយៈពេលវែងជាមួយ Smart ដោយមានការគាំទ្រពី Smart អេ អាយ អេ ខេមបូឌា នឹងអាចភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋរាប់លាននាក់ និងអាចផ្តល់ជូននូវភាពស្ងប់ចិត្តទៅកាន់ពួកគាត់ តាមរយៈដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតបែបថ្មី»។
នាយកប្រតិបត្តិរបស់ Smart Axiata លោក Thomas Hundt ទទួលស្គាល់អំពីសារៈសំខាន់នៃការធានារ៉ាប់រងជីវិត និងបានថ្លែងថា ដោយក្តីសោមនស្សរីករាយដូចគ្នាដែរថា «ក្រុមហ៊ុន Smart ជឿជាក់យ៉ាងមុតមាំលើការធ្វើឲ្យជីវិតកាន់តែប្រសើរឡើងទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនការភ្ជាប់ទំនាក់ទំនងដ៏ទូលំទូលាយ និងមានល្បឿនលឿនបំផុត ព្រមទាំងសេវាកម្មនានា ដែលបន្ថែមអត្ថប្រយោជន៍ដ៏មានគុណភាពដល់អ្នកទាំងអស់គ្នា»៕