(ក្រចេះ)៖ ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលជំនាញប្រឆាំងបាតុកម្ម ដល់នគរបាលខេត្តចំនួន១០០នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅបញ្ជាការដ្ឋាននគរបាលខេត្តក្រចេះ។

លោក ប៊ិត សាវ៉ាង ស្នងការរងទទួលកិច្ចការងារព្រំដែន ជាអ្នកគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានឲ្យដឹងថា សិក្ខាកាមចំនួន១០០នាក់នោះ​ មកពីអធិការ ស្រុក-ខេត្ត ចំណុះឲ្យស្នងការដ្ឋាន  ដោយចូលរួមហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១ ខែមិថុនា នៅទីបញ្ជាការវរៈការពារព្រំដែន គោកលេខ៦១៩។

លោកបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនស្តីពីការប្រឆាំងបាតុកម្មនេះ គឺទទួលបានការបង្ហាត់បង្ហាញពីគ្រូបង្គោលជំនាញៗ នៃស្នងការការដ្ឋាន ក្នុងនោះរួមមានមុខវិញ្ញាសារដូចជា វិន័យកង កម្លាំងនគរបាលជាតិ លំហាត់របៀប កាយវិការសំរាកប្រុងមានខែល កាយវិការលើកខែល ដាក់ខែល កាយវិការ គោះខែលគំរាមបាតុករ កាយវិការជំហរទាបខ្ពស់ មានខែល កាយវិការវាយបីដំណាក់កាល មានខែលនិងកាយវិការទប់ទល់បាតុកម្មវរសេនាតូចមានខែល។

ឧត្តមសេនីយ៍ទោ លន់ សុផាត មានថ្លែងថា  បើទោះបីជាខេត្តក្រចេះសព្វថ្ងៃនេះ មានសភាពការណ៍ សន្តិសុខសង្គម និងសន្តិសុខ នយោបាយ គឺទទួលបាន ភាពល្អប្រសើរ គួជាទីមោទនៈយ៉ាងណាក្តី ក៏នគរបាលដែលជាស្ថាប័នអ្នកអនុវត្តច្បាប់ ត្រូវពង្រឹងដើម្បីធានាឲ្យប្រសិទ្ធភាពការងារ និងសមត្ថភាព ជំនាញដល់កងកម្លាំង។

លោកបញ្ជាក់ថា ជាមួយនឹងសកម្មភាពវគ្គហ្វឹកហ្វឺនរយៈពេលវែងនេះ នាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់ថវិការចំនួន២០លានរៀល និង លោក សរ ចំរុង អភិបាលខេត្តក្រចេះ បានផ្តល់ថវិការចំនួន១០លានរៀល សម្រាប់ទ្រទ្រង់ ដល់ការហ្វឹកហ្វឺនរបស់សិក្ខាកាមផងដែរ៕