(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងដំណើរការសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងលើក ទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់ខ្លួន រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយប្រារព្ធពិធីបើក ក្រោមវត្តមានរបស់លោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមក្នុងអង្គសន្និបាត រួមមានលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្នាក់កណ្តាល និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួមទាំង អង្គភាពរដ្ឋាករទឹក រាជធានី-ខេត្ត។ លើសពីនេះទៀត ក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនមួយចំនួន សរុបទាំងអស់មានចំនួន ៣៥០នាក់។
អង្គសន្និបាត បាននិងកំពុងធ្វើការពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន ដែលធ្វើបទអន្តរាគមន៍ដោយតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនមួយចំនួន រួមជាមួយបទអន្តរាគមន៍របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ទាំង២៥ ដោយមានការចូលរួមមតិរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន វិទ្យាស្ថាន មជ្ឈមណ្ឌល អគ្គាធិការស្ថាន ក្រោមឱវាទក្រសួង ផងដែរ។
ប្រការគួរឲ្យកត់សម្គាល់ សន្និបាតរយៈពេលបួនថ្ងៃនេះ នឹងផ្តោតការពិភាក្សាលើចំណុច ជាគន្លឹះសំខាន់មួយ ចំនួនដូចខាងក្រោម៖
១-ការបន្តចូលរួមកំណែទម្រង់ស៊ីជម្រៅ ជាពិសេសលើកំណែទម្រង់ច្បាប់ បទដ្ឋានគតិយុត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
២-ធ្វើឲ្យប្រសើរឡើងបរិយាកាសធុរកិច្ច នៃការចុះបញ្ជីអនុញ្ញាតបង្កើតរោងចក្រ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅការិយាល័យច្រក-ចេញចូលតែមួយ និងរៀបចំការ ផ្តល់សេវាមានលក្ខណៈស្តង់ដារ ដោយមានកំណត់ពេលវេលាប្រតិបត្តិការ និងកម្រៃសេវាដែលត្រូវបង់ឲ្យបានច្បាស់លាស់ ។
៣-រៀបចំកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម និងពិនិត្យកែសម្រួលនីតិវីធិនៃការផ្តល់អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រ ដែលមានលក្ខណះស្មុគស្មាញ និងកែសម្រួលឲដល់កម្រិតអប្បបរមា នូវរាល់នីតិវិធី និងការត្រួតពិនិត្យដែលចាំបាច់ មិនស្ទួនគ្នា។
៤-ការធ្វើពិពិធកម្មឧស្សាហកម្ម និងការគាំទ្រដល់ការពង្រីកសមត្ថភាពប្រកួតប្រជែង និងការបង្កើន ផលិតភាពរបស់រោងចក្រ សហគ្រាស សិប្បកម្ម ជាពិសេសការចូលរួមយ៉ាងសកម្ម ក្នុងការដឹកនាំអនុវត្តផែនការសកម្មភាព និងសូចនាករ ដែលកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា។
៥-ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកម្មសិទ្ធិឧស្សាហកម្ម វាយតម្លៃទទួលស្គាល់ ស្តង់ដារ និងមាត្រាសាស្ត្រ ដោយប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យារបស់ដៃគូសហប្រតិបត្តិការ ទាញយកអត្ថប្រយោជន៍ឪ្យអស់លទ្ធភាព និងការផ្ទេរបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការនានា។
៦-ពិនិត្យ និងដាក់ចេញជាវិធានការគន្លឹះបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងការខ្វះប្រភពទឹក សម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាត ផ្តើមពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែករដ្ឋ និង ឯកជន តាមរយៈការបង្កើតយន្តការសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព ជាមួយភាគីពាក់ព័ន្ធនានា មានជាអាទិ៍ អាជ្ញាធរដែនដី ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងគោលបំណងធានា នូវសមធម៌ក្នុងការប្រើប្រាស់ប្រភពទឹក ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងការកាត់បន្ថយការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច។ បញ្ហាមួយទៀត គឺការគិតគូរពិចារណារិះរកលទ្ធភាពពង្រីកបណ្តាញទឹកស្អាត ទៅតំបន់មានសក្តានុពលនៃប៉ូលសេដ្ឋកិច្ច ដូចជានៅតាមរបៀងសេដ្ឋកិច្ច និងតំបន់ឧស្សាហកម្មដទៃទៀត ឧទាហរណ៍តំបន់ជាយរាជធានីភ្នំពេញ តំបន់រណបនៅខេត្តស្វាយរៀង និងភូមិសាស្ត្រខេត្តកំពត កែប ជាដើម។ គិតគូររករូបមន្តសមស្រប ដើម្បីអនុវត្តគោលនយោបាយ ថ្លៃលក់ទឹកស្អាតមួយសមរម្យ ដែលអាចទទួលយកបាន ទាំងសម្រាប់អ្នកផ្គត់ផ្គងទឹក និងប្រជាពលរដ្ឋ ដោយឈរលើទិសស្លោក «ផ្គត់ផ្គង់ទឹកប្រកបដោយសុវត្តិភាព គុណភាព និរន្ដរភាព និងតម្លៃសមរម្យ»។
៧-ពិភាក្សា ផ្លាស់ប្តូរយោបល់បន្ថែមទៀត ស្វែងរកមធ្យោបាយ និងលទ្ធភាពគ្រប់បែបយ៉ាង ដែលអាចជួយទ្រទ្រង់ ថែរក្សាការពារដល់មូលដ្ឋានផលិតអំបិល ក្នុងពេលដែលកំពុងប្រឈមនឹង ការប្រកួតប្រជែងជាមួយផលិតផលអំបិលនាំចូលពីខាងក្រៅ ដោយចាត់ទុកថានេះជាកិច្ចការចម្បងមួយ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវខិតខិជម្នះធ្វើ ដើម្បីរក្សាបានផលិតផលអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលជាមរតករបស់ដូនតាខ្មែរយើងជាយូរលង់មកហើយ។
៨-កំណត់ឡើងវិញ នូវប្រភេទមុខងារ និងមុខងាររងជាក់លាក់មួយចំនួន ដែលក្រសួងអាចធ្វើការផ្ទេរជូន រដ្ឋបាលថ្នាក់ក្រោមជាតិ ឬធ្វើប្រតិភូកម្មជូនដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្រាប់កម្មវិធីចុងក្រោយ នៃអង្គសន្និបាត ក៏មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនៅថ្នាក់កណ្តាល និងមន្ទីររាជធានី-ខេត្ត ផងដែរ៕