(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភា​នគរបាលកម្ពុជា ឲ្យបន្តអនុវត្តកម្មវិធីកំណែទម្រង់ ដែលមានស្រាប់ ដើម្បីលើកកម្ពស់ គុណភាពបណ្តុះបណ្តាល ។ បន្ថែមពីលើនេះ សម្តេច ស ខេង បាន​ជំរុញដល់សិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញ ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គម គោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ និងត្រូវមានអាកប្បកិរិយាល្អទាំងក្នុងការងារ និងការរស់នៅ ក្នុងសង្គម។

ការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» លើកទី១ និង ប្រកាសតែងតាំងស៊ប់ ក្របខណ្ឌមន្រ្តីនគរបាលជាតិឆ្នាំ២០១៦ ដល់សិស្សនាយនគរបាល និងនាយនគរបាលរងជាច្រើនរូបទៀត។

សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាយកដ្ឋានបុគ្គលិក និងអ្គភាពចំណុះពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ និងចាត់ចែងឲ្យវគ្គបណ្តុះបណ្តាលនេះ ដំណើរការបានល្អ និងសម្រេចបានជោគជ័យ តាមផែនការ ដែលបានកំណត់។

ជាមួយគ្នានោះដែរ សម្តេចតក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាន គោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយយោងតាមស្ថានភាពនៃ​ក្របខណ្ឌមន្រ្តីនគរបាលជាតិ​មិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការជ្រើសរើសមន្រ្តីនគរបាលថ្មី ដើម្បីបំពេញបន្ថែម និងបន្តវេន និងធានាបាននូវនិរន្តរភាពនៃរដ្ឋបាលសាធារណៈ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនសង្គមជាតិ។

ឧបនាយករដ្ឋមន្រ្តី ស ខេង បានផ្តល់កិត្តិយស និងប្រគល់វិញ្ញាបនបត្រជូនដល់ សិស្សជ័យលាភី ចំនួន៣០រូប ក្នុងចំណោមសិស្សជ័យលាភី ១,៧១៦នាក់។

យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មីចំនួន ៤,៥៣៦នាក់ តាមរយៈការប្រឡងប្រជែង ហើយអ្នកប្រឡងជាប់ជាស្ថាពរទាំងអស់ ចាំបាច់ត្រូវតែឆ្លងកាត់ វគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» រយៈពេល៧៥ថ្ងៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា មុនចេញទៅបម្រើការងារនៅតាមអង្គភាពនានា ទូទាំងប្រទេស។

ការបណ្តុះបណ្តាលនេះ ត្រូវបានបែងចែកជា៣លើកចំពោះការបណ្តុះបណ្តាល លើកទី១នេះ មានសិស្សនាយនគរបាល និងនាយនគរបាលរង ចំនួន១,៧៥១នាក់។ សិស្សជ័យលាភីទាំងអស់ត្រូវទទួលបានវិញ្ញាបនបត្រ និងប្រកាសតាំងស៊ប់ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា តាមនីតិវិធីជាធរមាន។

ក្រោយពេលវគ្គបណ្តុះបណ្តាលលើកទី១ ត្រូវបានបញ្ចប់រួចរាល់ ការបណ្តុះបណ្តាលលើកទី២ និងត្រូវចាប់ផ្តើមបន្តនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧៕