(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងពិធីបូជាសព កុមារី លី មុនីរដ្ឋានី អាយុ១៤ឆ្នាំដែលបានទទួលមរណភាព កាលពីវេលាម៉ោង១២:១០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៧ ដោយសារខ្សែភ្លើងឆក់នៅតំបន់កម្សាន្តផាប់ស្រ្ទីត (Pub Street) ខេត្តសៀមរាប ហើយបច្ចុប្បន្ន សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅផ្ទះលេខ៧ ភូមិមុខខេត្តសង្កាត់រការធំក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជ.អ៊ុយសំអាតនាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជាបានផ្តាំផ្ញើនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្ដីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសពកុមារី លី មុនីរដ្ឋានី ដែលបានបាត់បង់កូនស្រីប្អូនស្រីនិងសាច់ញាតិ ជាទីស្រឡាញ់ទាំងនៅក្មេងខ្ចី និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ កុមារី លី មុនីរដ្ឋានីបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជាបានចូលបុណ្យនូវ៖ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង ទឹកក្រូច៥កេស និងបច្ច័យចំនួន៥លានរៀល៕