(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ពោលគឺមានរយៈ១០៨ថ្ងៃ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បានចំនួន២៩៦៨ករណី ឃាត់ខ្លួនជនសង្ស័យ៦៨៧៨នាក់ (ស្រី៦៩០នាក់) ក្នុងនោះជនបរទេសចំនួន២៣នាក់។ នេះបើតាមរបាយការណ៍របស់ លេខាធិការដ្ឋាន នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់យកវត្ថុតាង៖
* សារធាតុញៀនគ្រប់ប្រភេទជាង៣១គីឡូក្រាម និង៣៩៣កញ្ចប់តូច និង៩កញ្ចប់ធំ។
* កញ្ឆាក្រៀមជាង១១គីឡូក្រាម និង៩៨៧២៤ដើម។
* សម្ភារៈ រថយន្ដ៣៦គ្រឿង ម៉ូតូ៥៨៩គ្រឿង ទូរស័ព្ទ១៨០៣គ្រឿង ជញ្ជីង១១៦គ្រឿង អាវុធ៣ដើម។
* ចលនៈ និងអចលនៈទ្រព្យ ត្រូវបានស្នើសុំបង្កក រឹបអូសផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕