(ភ្នំពេញ)៖ ក្រុមហ៊ុន Express Food Group គ្រោងនឹងបើកភោគជនីយដ្ឋាន Bar B Q Plaza ដែលមានស្លាកយីហោដ៏មាន
ប្រជាប្រិយបំផុតមកពីប្រទេសថៃចំនួន ១០សាខានៅកម្ពុជា ក្នុងឆ្នាំ២០២២ ដើម្បីបម្រើដល់អតិថិជនកម្ពុជាគ្រប់រូប។
ក្រុមហ៊ុន EFG គឺជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋាននាំមុខមួយនៅអាស៊ីអាគ្នេយ៍ និងជាប្រតិបត្តិករខ្សែសង្វាក់ផលិតចំណីអាហារធំបំផុតនៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរភោជនីយដ្ឋាន មួយក្នុងចំណោម១០សាខានឹងត្រូវបើកសម្ភោធនៅក្នុងផ្សារទំនើបអ៊ីអនក្នុងទីក្រុងភ្នំពេញនា ខែមិថុនា និងសាខាមួយទៀតគ្រោងនឹងបើកនៅទីប្រជុំជន នាចុងឆ្នាំនេះផងដែរ។
លោក Kevin Whitcraft នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនមេនៃ EFG បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន
មានបំណងពង្រីកនូវកេរ្តិ៍ឈ្មោះតាមរយៈការដាក់ឲ្យដំណើរការនូវភោជនីយដ្ឋានសាច់អាំង ដែលកំពុងពេញនិយមបំផុត នៅក្នុងវិស័យភោជនីដ្ឋានដែលចម្អិនអាហារដោយខ្លួនឯងនៅកម្ពុជា។
លោកបន្ដទៀតថា «Bar B Q Plazបានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងប្រទេសថៃ និង បរទេស ហើយពិសេសជាងនេះវានឹងធ្វើឲ្យអតិថិជនកម្ពុជាទទួលបាននូវបទពិសោធន៍លើអាហារបែបBar B Q ដ៏ល្អបំផុតតាមរយៈប្រព័ន្ធចម្អិនដ៏មានប្រសិទ្ធិភាពខ្ពស់។ ហើយ Bar B Q Plaz គឺជាBrand (ស្លាកយីហោរ) ដ៏មានប្រជាប្រិយបំផុតមួយសម្រាប់អ្នកទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃ យុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនគឺផ្តល់នូវផលិតផល និងសេវាដែលមានលក្ខណៈ ស្តង់ដារនៅក្នុងប្រទេសថៃដល់អតិថិជនកម្ពុជា»។
លោកថា ដើម្បីសម្រេចនូវគោលបំណងនេះ យើងនឹងប្រតិបត្តិយ៉ាងយកចិត្តទុកដាក់នូវសៀវភៅណែនាំ របស់ក្រុមហ៊ុន
រួមជាមួយការបណ្តុះបណ្តាលដល់បុគ្គលិកនៅកន្លែងធ្វើការ និងមានការចុះធ្វើអធិការកិច្ចទៅលើគុណភាពដោយ ក្រុមអធិការកិច្ចចំណីអាហាររបស់ ក្រុមហ៊ុន Food Passion ហើយរាល់គ្រឿងផ្សំទាំងឡាយនឹងត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់ ពីទីស្នាក់ការកណ្ដាលនៃម្ហូបអាហារ(central kitchen) របស់ក្រុមហ៊ុន Food Passion ក្នុងប្រទសថៃ។
លោក Kevin Whitcraft បានបន្ថែមថា «ដំបូងយើងគ្រោងរៀបថវិកាជាង ១៥០លានបាត ដើម្បីបើកដំណើរការ ភោជនីយដ្ឋានBar B Q Plaz យ៉ាងហោចណាស់ ១០សាខាចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២២ ដោយនឹងបើកនៅគ្រប់ ទីតាំងសំខាន់ៗក្នុងទីក្រុងនៃប្រទេសកម្ពុជា ហើយឆ្នាំនេះផងដែរ យើងគ្រោងនឹងបើកហាងចំនួនពីសាខានៅចំកណ្ដាលរាជធានីភ្នំពេញ ដោយសាខាទី១គ្រោងនឹងបើក្នុងផ្សារទំនើបអ៊ីអន និងសាខាទី២បើក្នុងខណ្ឌទួលគោក»។
លោក Kevin Whitcraft បានថ្លែងបន្ដថា ក្នុងឆ្នាំ ២០១៦នេះ វិស័យ ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់ប្រហែល ៤០០លានដុល្លាសហរដ្ឋអាមេរិកដោយមានភោជនីយដ្ឋានចំនួន ២.០០០ ទៅ ២.៥០០ ភោជនីយដ្ឋានបានចុះបញ្ជីត្រឹមត្រូវ។ សម្រាប់ទីក្រុងភ្នំពេញ មានភោជនីយដ្ឋានប្រហែល ១.០០០ ភោជនីដ្ឋាន ការរីកចម្រើននូវវិស័យនេះដោយសារមាន ក្រុមគ្រួសារនិងក្មេងជំទង់កាន់តែច្រើនឡើងៗបានចេញទៅបរិភោគនៅខាងក្រៅជាញឹកញាប់ ដោយម្នាក់ៗចំណាយប្រហែល ៥ដុល្លាសម្រាប់អាហារថ្ងៃត្រង់ និង១០ដុល្លារសហរដ្ឋអាមេរិកសម្រាប់អាហារពេលល្ងាយ ហើយពួកគេចេញទៅ បរិភោគបែបនេះបីបួនដងក្នុងមួយខែ។
ជាមួយគ្នានោះអ្នកស្រី Chataya Supanpong ប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Food Passion បានថ្លែងថា «ក្រុមហ៊ុនរបស់
អ្នកស្រីបានបើកធ្វើអាជីវកម្មក្នុង វិស័យភោជនីយដ្ឋាននេះមានយ៉ាង ហោចណាស់ ៣០ភោជនីយដ្ឋាននៅ អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយមានទឹកប្រាក់សរុបចំនួន ៦០០លានបាតនៅឆ្នាំ ២០២០»។
អ្នកស្រី Chataya បន្ថែមទៀតថា យើងមានទំនុកចិត្តថា EFG អាចធានាបាននូវភាពជោគជ័យ នៅក្នុងការបង្កើតប្រ៊ែន Bar B Q Plaza នៅក្នុងប្រទេសកម្ពុជា។ EFG មានជំនាញ និងមានការយល់ដឹងនៅក្នុងវិស័យភោជនីយដ្ឋាន និងលទ្ធភាពក្នុងការពង្រីកសាខាហើយក្រុមហ៊ុននេះអាចរក្សាបាននូវស្ដង់ដារក្រុមហ៊ុន សំខាន់ជាងនេះទៅទៀតនោះ EFG គឺជាអ្នកជំនាញផ្នែកទីផ្សារដោយមានការយល់ដឹងយ៉ាងច្រើនអំពីទីផ្សារនៃកម្ពុជា។
សូមបញ្ជាក់ថា Bar B Q Plazគឺជាភោជនីយដ្ឋានដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងប្រទេសថៃដោយមានសាខាជាង ១៣០
សាខានៅទូទាំងប្រទេសថៃ និង បរទេស។ មកដល់ពេលនេះ មានភោជនីយដ្ឋានចំនួន ១៩ភោជនីយដ្ឋាន Bar B Q Plaza ត្រូវបានបើកទ្វារបម្រើអតិថិជន ក្នុងនោះមានភោជនីយដ្ឋានចំនួន ១៧ត្រូវបានបើកដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី និង ២ទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុនមានគម្រោងបង្កើនចំនួនសាខានៅឯបរទេសឲ្យបាន ២៣សាខាបន្ថែមទៀតនៅចុងឆ្នាំ២០១៧នេះដោយ ១៨សាខានៅប្រទេសម៉ាឡេស៊ី ៣នៅប្រទេសឥណ្ឌូនេស៊ី និង ២នៅក្នុងប្រទេសកម្ពុជា៕