(ភ្នំពេញ)៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ មានកុមារចំនួន១១៨នាក់ បានរងរបួសក្បាលដែល បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមរបាយការណ៍ ផ្លូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៧។

របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា «ភាគច្រើននៃគ្រោះថ្នាក់របួសក្បាល គឺបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។ ករណីធ្ងន់ធ្ងរបំផុតគឺជាកុមារដែលដើរនិងលេងនៅក្បែរផ្លូវ ហើយត្រូវឡានដែលបើកលឿនបុក ហើយជួនកាល ក៏មានកុមារខ្លះដែលកំពុងជិះកង់ ត្រូវឡានដែលមានល្បឿនលឿនជ្រុល មកបុកផងដែរ»

របាយការណ៍ដដែល បានបន្ថែមទៀតថា ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរនេះ មានកុមារចំនួន ១១៨ នាក់ទទួលរងរបួសក្បាល និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ត្រូវបានដាក់ឲ្យចូល សម្រាប់ព្យាបាល នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប អង្គរ។ ៥៥% នៃកុមារដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានធ្វើការវះកាត់ជាបន្ទាន់ ៕