(ភ្នំពេញ)៖ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខេត្តព្រះសីហនុ ដែលជាតំបន់កម្សាន្តជាប់សមុទ្ររបស់កម្ពុជា ទទួលបានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១៤៣.៥៩៧នាក់។ នេះបើតាមរបាយការណ៍បូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយដោយ អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ។

ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំនេះ មានការកើនឡើងប្រមាណ១០,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការអះអាង នៅក្នុងរបាយការណ៍ដដែល។

របាយការណ៍ បានបញ្ជាក់ថា អំឡុង៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ខេត្តព្រះសីហនុ មាន៖
- ភ្ញៀវចូលតាមព្រលានយន្តហោះកងកេងសរុប១៧ជើង មានចំនួនភ្ញៀវសរុប១.៤៣៩នាក់ ក្នុងនោះភ្ញៀវជាតិ ៦៤៣នាក់ និង អន្តរជាតិ ៧៩៦នាក់ ។
- ភ្ញៀវទៅកំសាន្តតាមកោះនានា ជាពិសេស កោះរ៉ុង និង កោះរ៉ុងសន្លឹម មានចំនួនទូក ១៣៦ជើង មានភ្ញៀវសរុប ៨,៤៥៥នាក់ ស្រី៤.៤២៤នាក់ ក្នុងនោះភ្ញៀវជាតិសរុប ៤.៣៤៨នាក់ ស្រី២ ២៨៧នាក់ និងភ្ញៀវអន្តរជាតិចំនួន ៤.១០៧នាក់ ស្រី ២.១៣៧នាក់ ។
- ភ្ញៀវចូលទស្សនាតាមរមណីយដ្ឋាននានា សរុប១៦.៥៩៧ នាក់ ភ្ញៀវជាតិ១៦.៤៤៣នាក់ ភ្ញៀវអន្តរជាតិ៦៤៣នាក់ ក្នុង នោះ
- រមណីយដ្ឋានថ្មរូង មានភ្ញៀវទេសចរសរុប ៧,១១៩នាក់ ភ្ញៀវអន្តរជាតិ ១០២នាក់
- រមណីយដ្ឋានក្បាលឆាយមានភ្ញៀវទេសចរសរុប ៥,៥៧៨ នាក់ ភ្ញៀវអន្តរជាតិ២,៥១០នាក់
- រមណីយដ្ឋានពិកនិចមានភ្ញៀវទេសចរសរុប៣,៩០០នាក់ ស្រី១,៥៦០នាក់ ភ្ញៀវអន្តរជាតិ ៣៩០នាក់ ស្រី១៣៦នាក់៕