(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ រយៈពេល៤ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប គឺទទួលភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិសរុបជាង១.៦លាននាក់ ហើយបានចំណោយលុយ ចាយវាយជិត១០០លានដុល្លារ។
លោក ថោង ខុន បញ្ជាក់ថា «ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន មានចំនួនប្រមាណ១,៦៣១,៨០០នាក់ កើន២២.៧៣ភាគរយ បើប្រៀបធៀបរយៈពេល៤ថ្ងៃដូចគ្នា ឆ្នាំ២០១៦ មានចំនួន ១,៣២៩,៥០០នាក់»។
លោរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ភ្ញៀវជាតិមានចំនួនប្រមាណ១,៦០០,០០០នាក់ កើន២៣.០៧ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ មាន១,៣០០,០០០នាក់។ រីឯភ្ញៀវអន្តរជាតិ ៣១,៨០០នាក់ កើន ៧.៨ភាគរយ ប្រៀបធៀបឆ្នាំ២០១៦ មាន២៩,៥០០នាក់។ ដោយឡែកចំពោះ ភ្ញៀវទេសចរ ដែលបានទិញសំបុត្រចូលអង្គរ រយៈពេល ៤ថ្ងៃ មានចំនួន២៦,៤៩៩នាក់ កើន២២.៤៥% បានចំណូល១,២២៤,៨៨៥ដុល្លារ កើន១០៤.៦៤ភាគរយ។
លោក ថោង ខុន បានពន្យល់អំពីចំណាយរបស់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ថាមានចំនួនប្រមាណ៩៥លានដុល្លាអាមេរិក ដោយគិតជាមធ្យម ក្នុងរយៈពេលកំសាន្ត អង្គរសង្ក្រាននេះភ្ញៀវទេសចរជាតិ ចាយប្រមាណ៥០ដុល្លារក្នុងម្នាក់ និងទេសចរអន្តរជាតិចាយ ប្រមាណ៥០០ដុល្លារក្នុងម្នាក់។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលទើបបញ្ចប់ដោយជោគជ័យនេះ អ្វីៗបានប្រព្រឹត្តិទៅដោយរលូន គឺសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យល្អ គ្មានការឡើងថ្លៃទំនិញហួសហេតុ រាប់ទាំងតម្លៃស្នាក់នៅ៕