(កណ្តាល)៖ បុរសម្នាក់បានយកកាំភ្លើង AK មួយដើម ទៅលាក់ទុករយៈពេល១០ឆ្នាំមកហើយ ទីបំផុតស្រវឹងស្រា កាន់ទៅមើលគេរាំធុងបាស បង្កឲ្យប្រជាពលរដ្ឋភ័យខ្លាច ប្តឹងឲ្យនគរបាលឃាត់ខ្លួន ចាត់ការទៅតាមផ្លូវច្បាប់ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហេង សុខដូ អាយុ៣៦ឆ្នាំ មុខរបរជាកម្មករសំណង់ រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ បើតាមមន្ត្រីនគរបាល មុនពេលកើតហេតុ ជនសង្ស័យមានសភាពស្រវឹងស្រាជោគជាំ ហើយបានកាន់កាំភ្លើងខាងលើដើរទៅកន្លែងរាំធុងបាស ក្នុងភូមិកើតហេតុ ពេលនោះត្រូវបានប្រជាជនឃើញ រាយការណ៍ជូនសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ធ្វើការឃាត់ខ្លួនបានរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ។
នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលាក់ទុកកាំភ្លើងខាងលើ នៅក្នុងលូក្បែរផ្ទះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយរើសបាននៅក្នុងបន្ទាយចាស់ ពេលគេឈូសឆាយធ្វើបន្ទាយ ចាប់តាំងពីនោះមកខ្លួនមិនដែល យកទៅប្រើប្រាស់ឡើយ ទើបតែនៅថ្ងៃកើតហេតុខាងលើ ដោយសារខ្លួនផឹកស្រាស្រវឹងបានទៅយកកាំភ្លើង មកមើលរួចយកទៅទុកកន្លែងដើមវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕