(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃជាខួបលើកទី៤២ឆ្នាំ នៃការដួលរលំរបប លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក (១៧ ខែមេសា ឆ្នាំ១៩៧៥ -១៧ ខែមេសា ឆ្នាំ២០១៧) បានសរសេររៀបរាប់នូវការរងទុក្ខវេទនា ដោយសារភ្លើងសង្គ្រាម ទាំងការទម្លាក់គ្រាប់បែកអាមេរិក និងការធ្លាក់ចូលទៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត។
ជាមួយគ្នានេះ លោក ហេង រតនា បានចោទប្រកាន់ចំៗ ទៅលើសហរដ្ឋអាមេរិក បានគាំទ្រដល់រដ្ឋាភិបាល លន់ នល់ ដែលបានទម្លាក់គ្រាប់បែករាប់លានតោន រួមមាន គ្រាប់បែកតូច-ធំ គ្រាប់បែកចង្កោម (ជាង៣០លានគ្រាប់) និងគ្រាប់បែកគីមីផងដែរ មកលើប្រទេសកម្ពុជា រហូតធ្វើរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តមសីហនុ ដែលបានធ្វើឲ្យ ប្រទេសកម្ពុជា បន្តធ្លាក់របបប្រល័យពូជសាសន៍ខែ្មរក្រហម។
លោក ហេង រតនា បានរៀបរាប់ថា សង្គ្រាមវៀតណាម-អាមេរិក បានចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ សង្គ្រាមនេះ បានរាលដាលចូលមកកម្ពុជា ចាប់ផ្តើមឆ្នាំ១៩៦២ ដោយសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក និងរហូតដល់ធ្វើរដ្ឋប្រហារយោធាទំលាក់ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយរដ្ឋប្រហារកំលាំងយោធារបបលោក លន់ នល់ មានការគាំទ្រកាន់តែខ្លាំងក្លា និងចំហរពីសហរដ្ឋអាមេរិក ដោយធ្វើការទំលាក់គ្រាប់បែក រាប់លានតោន រួមមានគ្រាប់បែកតូច-ធំ គ្រាប់បែកចង្កោម (ជាង៣០លានគ្រាប់) និងគ្រាប់បែកគីមីផងដែរ។ ចលនាសង្គ្រាមសម្លាប់រង្គាលនេះ បានជួយរុញច្រានឲ្យកើតមាន របបប្រល័យពូជសាសន៍ខែ្មរក្រហមនៅកម្ពុជា។
សង្គ្រាមជាង១០ឆ្នាំនេះ (១៩៦២-៧៥) បានបង្កនូវទុក្ខវេទនា មហាធ្ងន់ធ្ងរលើប្រជាជនកម្ពុជា និងបន្តចូលរបបប្រល័យពូជសាសន៍ខែ្មរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃទៀត ធ្វើឲ្យប្រជាជនកម្ពុជាជាង២លានបានស្លាប់។ សង្គ្រាមមិនអាចរលត់បានឡើយ នៅឆ្នាំ១៩៧៩ បានបន្តសង្គ្រាមស៉ីវិលជាង២០ឆ្នាំទៀត ពោលរហូតដល់ចុងឆ្នាំ១៩៩៨ ទើបបានបញ្ចប់។ មានន័យថាកម្ពុជា ទើបមានសុខសន្តិភាពពេញលេញតែប្រមាណជិត២០ឆ្នាំប៉ុណ្ណោះ ក្រោយពីមានសង្គ្រាមជាង៣៥ឆ្នាំ។
អគ្គនាយករូបនេះលើកឡើងទៀតថា រយៈពេលកន្លងផុតទៅ៤២ឆ្នាំហើយ។ តែព្រឹតិ្តការណ៍នេះ ហាក់ដូចជាស្ថិតនៅថ្មីស្រឡាងនៅឡើយ ដោយសារនៅថ្ងៃនេះ មានប្រជាពលរដ្ឋអបអរសាទរផង និងភ័យខ្លាចផង។ អបអរសាទរដោយសារឮថាសង្គ្រាម ដែលមានចំណាស់ជាង១០ឆ្នាំត្រូវបញ្ចប់ទាំងស្រុង។ រីឯភយ័ខ្លាចដោយសារ ត្រូវជន្លៀសចេញ ពីគ្រប់ផ្ទះសំបែង និងទីក្រុង ទីប្រជុំជនវិលចូលព្រៃវិញ ក្រោមហេតុផលថា អាមេរិកអាចវិលត្រឡប់មក ទំលាក់គ្រាប់បែកជាការសងសឹក។ ក្តីសង្ឃឹមបានក្លាយ ជាផេះផង់ របបប្រល័យពូជសាសន៍ បានសម្លាប់និងកំទេចគ្មានសល់។ គ្រួសារបែកបាក់ ជនភៀសខ្លួនរស់នៅតាមជំរុំ អ្នកខ្លះមានឱកាសទៅកសាងជីវិតថី្មនៅអាមេរិក អូស្រ្តាលី អឺរ៉ុប កាណាដា ជាដើម។ល។
លោក ហេង រតនា បានសង្កត់ធ្ងន់ថា «៤២ឆ្នាំ យើងជាប្រជាជនខែ្មរត្រូវតែចងចាំ នូវអនុស្សារីយ៍ដ៏ខ្មៅងងឹតនេះ និងត្រូវតែនាំគ្នាពូនជ្រុំ និងការពារសន្តិភាព ដើម្បីសុខដុមរមនីកម្មសង្គមជាតិខែ្មរ និងរួមគ្នាកសាងនិងអភិវឌ្ឍន៍ជាតិយើងឡើងវិញ»៕