(សៀមរាប)៖ យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ បានស្លាប់ដោយសារឆក់ខ្សែភ្លើង នៅតំបន់កម្សាន្ត Pub Street នៅក្នុងក្រុងសៀមរាប នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខណៈរូបគេកំពុងតែរាំកម្សាន្ត។
សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជាក់ថា យុវតីរងគ្រោះដោយខ្សែភ្លើងឆក់នេះ មានឈ្មោះ មុនី រដ្ឋានី អាយុ១៨ឆ្នាំ មានលំនៅដ្ឋាននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងខេត្តសៀមរាប។
សមត្ថកិច្ចបានរៀបរាប់ទៀតថា សម្រាប់មូលហេតុដែលនាំឲ្យកើតករណីឆក់ខ្សែភ្លើងនេះ នៅទីនោះ (PubStreet) ភ្ញៀវទេសចរ បាននាំគ្នាបាញ់ទឹកលេង អបអរបុណ្យចូលឆ្នាំ ដែលនាំឲ្យមានទឹកជាច្រើន បានសាចពាសពេញផ្លូវ ជាមួយការៀបចំភ្លើងបំភ្លឺព្រោងព្រាតផងដែរ ក៏នាំឲ្យមានករណីនេះតែម្តង។ សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុឆក់ខ្សែភ្លើងនេះ សមត្ថកិច្ចបាននាំយុវតីរងគ្រោះទៅ ជួយសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជាអកុសលហួសពេលទៅហើយ៕