(ភ្នំពេញ)៖ នៅក្នុងឱកាសថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងឲ្យដឹងថា ល្បែងស្ដេចចង់ ឬល្បែងអៀវ គឺជាល្បែងប្រពៃណីខ្មែរ ដែលពួកកុមារី កុមារា ស្ថិតក្នុងវ័យជំទង់ៗតែតែងនំាគ្នា ប្រារព្វលេងកំសាន្ដ ដោយម្ខាងប្រុស រីឯម្ខាងទៀតស្រី មានច្រើននាក់មិនកំណត់។ គេលេងល្បែងនេះនៅពេលទំនេរ ពិសេសក្នុងរដូវបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ។ បណ្ដាអ្នកទំាងពីរពួកនេះ គឺគេជ្រើសរើសប្រុស ឬស្រីម្នាក់ឲ្យធ្វើតំណាងជា «ស្ដេច» ដែលអង្គុយចំកណ្ដាលវង់លើកៅអី ឬជាត្បាល់បុកអង្ករជាដើម។
ចំពោះរឿងរ៉ាវសាវតារល្បែងស្ដេចចង់នេះ មានសេចក្ដីដំណាលថា ព្រះបាទឥន្រ្ទបត្ដបុរី យើងនេះ នៅថ្ងៃមួយ ក្នុងព្រះរាជពិធីមានក្រុមញាត្ដិវង្ស និងអស់លោកមហាមន្ដ្រី ក្នុងពេលនោះ ព្រះរាជាព្រះអង្គក៏បានប្រឌិតល្បែងនេះទ្បើង ដើម្បីជាការកំសាន្ដសប្បាយ។ លុះក្រោយមកប្រជារាស្រ្ដ ក៏បន្ដលេងល្បែងនេះ ដោយយកត្រាប់តាមការប្រឌិត របស់ខ្លួន ដើម្បីជាការកំសាន្ដសប្បាយ ដោយជំនួសស្ដេចពិតប្រាកដ មកជាចាត់អ្នកលេងម្នាក់ឲ្យធ្វើជាតំណាងនៃ «ស្ដេច» រហូតដល់សព្វថ្ងៃ។
ពាក់ព័ន្ធអត្ថន័យនៃល្បែងនេះ លោក រត្ន័ សណ្ដាប់ បានបន្ដថ្លែងថា ល្បែងនេះ ជាល្បែងកំសាន្ដសប្បាយក៏ពិតមែន តែក៏បានបង្កប់នូវផ្នែកចិត្ដសាស្រ្ដ ក្នុងការអប់រំឲ្យយើងចេះ ជ្រើសរើសនូវរាល់មេដឹកនំារបស់ខ្លួនឲ្យបានត្រឹមត្រូវ គឺមានន័យដូចគ្នា និងល្បែងក្នុងរបបប្រជាធិបតេយ្យយ៉ាងដូច្នេះដែរ ព្រោះល្បែងនេះ បានបង្ហាត់ចិត្ដមនុស្សឲ្យចេះប្រកាន់ នូវពាក្យ «សច្ចៈ យុត្ដិធម៌ និងត្រឹមត្រូវ» ជាពិសេសតម្រូវឲ្យយើងត្រូវចេះថ្លឹងថ្លែង ពិនិត្យមើលមេដឹកនំាណាដែលមានភាពស្មោះត្រង់ជាមួយជាតិ មាតុភូមិ និងប្រជាជនយ៉ាងពិតប្រាកដ ហើយមេដឹកនំាណាដែលមានចរឹតលក្ខណៈពូកែភរភូតនោះ។
ជាចុងបញ្ចប់ លោក បានបញ្ជាក់ថា ល្បែងនេះ គឺពិតជាល្បែងបង្ហាត់ឲ្យយើងត្រូវចេះពិនិត្យមើល នូវរាល់ការជ្រើសតំាងមេដឹកនំានីមួយៗ ដែលនិងត្រូវមកធ្វើតំណាងជាភ្នែក ច្រមុះរបស់ខ្លួន គឺត្រូវរើសនរណាជាមនុស្សត្រឹមត្រូវបរិសុទ្ធដោយពិតប្រាកដ មិនត្រូវរើសអ្នកណា ដែលមានចរឹតក្រទ្បិចក្រទ្បុកពូកែភរភូតនោះទេ៕