(ភ្នំពេញ)៖ នៅរាត្រីថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិថ្ងៃទី១៦ ខែមេសានេះ ក្រុមកីឡាប៉េតង់កម្ពុជា បានបង្កើតកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួនទៀតហើយ ដោយកីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសពិភពលោក ១គ្រឿង លើវិញ្ញាសាវាយទោលនារី ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក ។
នេះគឺជាមេដាមាសពិភពលោកលើកទី៤ ដែលដណ្ដើមបានដោយក្រុមកីឡាប៉េតង់កម្ពុជា ខណៈមេដាយមាស ៣គ្រឿងផ្សេងទៀត គឺដណ្ដើមបានដោយកីឡាការិនី កែ ឡេង ចំនួន ២លើក កាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ មុនកីឡាករ សុខ ចាន់មាន ដណ្ដើមបានមេដាយមាសទី៣ ជូនជាតិ កាលពីឆ្នាំ២០១៦កន្លងទៅ នៅប្រទេសម៉ាដាហ្កាស្កា លើវិញ្ញាសាវាយទោសបុរស និងនារីដូចគ្នា ។
សម្រាប់មេដាយមាសទី៤ ឆ្នាំ២០១៧នេះវិញ មុននឹងដណ្ដើមបានកីឡាការិនី អ៊ុក ស្រីមុំ បានឆ្លងកាត់ការប្រកួតស្វិតស្វាញចំនួន៤ប្រកួត ក្នុងនោះបានយកឈ្នះ កីឡាការិនីស៊ុយអ៊ែត នៅវគ្គ ១៦នាក់ចុងក្រោយ មុនបន្ដយកឈ្នះកីឡាការិនីអេស្ប៉ាញ ត្រឹមវគ្គ ៨នាក់ចុងក្រោយ និងបន្ដទម្លាក់កីឡាការិនីជើងខ្លាំងបារាំង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប្រកួតឈ្នះកីឡាការិនីទុយនេស៊ី និងឈ្នះមេដាយមាសពិភពលោកតែម្ដង ។
ក្រៅពីកីឡាការិនី អ៊ុក ស្រីមុំ ខណៈពេលនេះក្រុមកីឡាករ-កីឡាការិនីកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ក៏កំពុងធ្វើការប្រកួតលើវិញ្ញាសាវាយគូចម្រុះ ដើម្បីប្រកួតប្រជែងដណ្ដើម មេដាយមាស ពិភពលោកទៀតផងដែរ ដោយកីឡាករ ញ៉ែម បូរ៉ា ចាប់ដៃគូជាមួយកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ប្រកួតជាមួយក្រុមកីឡាប៉េតង់មកពីប្រទេសទុយនេស៊ីដូចគ្នា ។ ចាំមើលតើអ្នកទាំងពីរ អាចបន្ថែមមេដាយមាសពិភពលោក ជូនប្រទេសកម្ពុជាបានទៀតទេ?៕