(ភ្នំពេញ)៖ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណ១,៦លាន ទៅ ១,៧លាននាក់ បានអញ្ជើញមកលេងកំសាន្តអង្គរសង្ក្រាន្គ ក្នុងរយៈពេល៤ថ្ងៃ ពោលគឺនៅថ្ងៃទី១៣, ១៤,១៥, ១៦ ខែមេសា ឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រកាសជាសាធារណៈនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្គ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ។
នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្គនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ កិច្ចការមានសភាពល្អប្រសើរ ប្រកបដោយសុវត្ថិភាព ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សូមជំរាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្គលើទឹកដីខេត្តសៀមរាប បានផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណីខ្មែរ ចំរុះជាច្រើន ជូនដល់ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនោះ នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការលេងល្បែងប្រជាប្រិយជាច្រើន និងការរាំលេងកម្សាន្តតាមបែបប្រពៃណីផងដែរ។ បន្ថែមពីលើនេះលោក ថោង ខុន បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ សកម្មភាពកំសាន្តសប្បាយ នៅតាមរាជធានីខេត្ត បាននិងកំពុងបន្ត យ៉ាងសែនសប្បាយក្រៃលែង៕