(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យនេះជាខួបទី៤២ឆ្នាំ នៃការបាត់បង់កែវភ្នែករបស់យុវជនម្នាក់ ដែលទើបមានវ័យ២៣ឆ្នាំប៉ុណ្ណោះ បានបាត់បង់កែវភ្នែកក្នុងសម័យសង្រ្គាម ប៉ុន្តែនៅតស៊ូ ខិតខំងើបឈរឡើង ដើម្បីរស់រាន និងស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។ តើយុវជនដែលបានបាត់បង់ភ្នែក ហើយត្រូវគ្រូពេទ្យវះយកកែវភ្នែកជាស្រឡាញ់ ចេញពីខ្លួនប្រាណនោះជានរណា ?
«៤២ឆ្នាំមុនគឺនៅថ្ងៃ១៦ មេសា នេះហើយដែលខ្ញុំត្រូវរបួស នឹងធ្លាក់ខ្លួនពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ (១៦មេសា១៩៧៥-១៦ មេសា២០១៧)។ យុវជនដែលទើបមានវ័យ២៣ឆ្នាំ ការបាត់បង់កែវភ្នែកហើយធ្លាក់ខ្លួនពិការ ខ្ញុំពិតជាឈឺចាប់ណាស់ ទាំងរូបកាយ ទាំងផ្លូវចិត្ត តែខ្ញុំខិតខំងើបឈរឡើងដើម្បីការរស់រាន និងសន្តិភាពជូនជាតិ និង ប្រជាជន» នេះជាការលើកឡើងរបស់យុវជនម្នាក់ បានប្រឡូកយ៉ាងស្រស្រាក់ស្រស្រាំតស៊ូក្នុងភ្លើងសង្រ្គាម ដើម្បីរំដោះប្រទេសជាតិចេញពីរបបអាវខ្មៅ វាលពិឃាត យង់ឃ្នង និងបន្តស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ដល់បច្ចុប្បន្ននេះ។
យុវជនដែលបាត់បង់កែវភ្នែកជាទីស្រឡាញ់របស់ខ្លួន ដើម្បីរំដោះប្រទេសជាតិ បានបង្ហាញសាររំលឹកការឈឺចាប់តាមរយៈ Facebook នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ពោលចំថ្ងៃទី៣ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាមួយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «មិនមានអ្នកណាដឹងនូវការឈឺចាប់របស់ខ្ញុំពេលត្រូវរបួស និងពេលដែលគ្រូពេទ្យវះយកកែវភ្នែក របស់ខ្ញុំចេញក្រៅពី រូបខ្ញុំនោះឡើយ។ (ឈឺខ្លាំងណាស់...ហើយពាក្យស្រឡាញ់ ឬថែរក្សាដូចកែវភ្នែក មិនមែនជាពាក្យដែលខ្ញុំត្រូវប្រើទៀតទេ ព្រោះខ្ញុំបានបាត់បង់កែវភ្នេក រួចទៅហើយ)។ សូមចូលរួមរក្សាសន្តិភាព និងរារាំងសង្គ្រាមកុំឱ្យកើតឡើងវិញលើទឹកដីដ៏កំសត់របស់យើងជាថ្មីទៀត»។
យុវជនដែលបាត់បង់កែវភ្នែកទាំងវេទនា ហើយនៅតែអង់អាចក្លាហានប្រើអាយុជីវិត និងកាំភ្លើង ធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិនោះគឺ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ។
នៅចាំបានថា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ ទឹកភ្នែកជាច្រើនដំណក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរមៀលធ្លាក់ទាំងមិនដឹងខ្លួន នៅពេលបានឮឧត្តមស្វាមី គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំណាលពីការសោកស្តាយកែវភ្នែកជាទីស្រឡាញ់ ត្រូវបានបាត់បង់ក្នុងភ្លើងសង្រ្គាម ហើយនៅបន្តប្រឹងប្រែងតស៊ូស្វិតស្វាញ ស្វែងរកសន្តិភាពជូនជាតិ ជាពិសេសបានឮស្វាមីថ្លែងអំណរគុណចំពោះភក្តីស្នេហ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បើទោះបីសម្តេច ធ្លាក់ខ្លួនពិការក្តី ក៏សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅតែស្មោះស្ម័គ្រ និងព្រមទទួលយកសម្តេចតេជោធ្វើជាស្វាមី។
សូមរំលឹកថា ចំណងស្នេហ៍រវាងមេដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកើតឡើងក្នុងគ្រាប្រទេសជាតិធ្លាក់ ក្នុងអន្លង់នៃភ្លើងសង្រ្គាម បានបន្សល់នូវស្នាមអនុស្សាវរីយ៍ឈឺចាប់ និងកម្សត់ជាច្រើន។ អាពាហ៍ពិពាហ៍របស់សម្តេច នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ត្រូវរៀបចំដោយអង្គការ ក្នុងសម្លៀកបំពាក់អាវខ្មៅ ដោយគ្មានញាតិមិត្ត និងភ្លេងបាយឃុនចងដៃនោះ ពោលជាអាពាហ៍ពិពាហ៍យ៉ាងក្រៀមក្រោះបំផុត។ ក្រោយអាពាហ៍ពិពាហ៍ ត្រូវធ្វើដំណើរលើផ្លូវយ៉ាងឆ្ងាយ ដោយកាត់ក្រោមដំណក់ភ្លៀងយ៉ាងខ្លាំងថែមទៀតផង។
នៅក្នុងឱកាសដែលសម្តេចទ្វេ បានដឹកដៃគ្នាចុះទៅសំណេះសំណាល និងសួរសុខទុក្ខយោធិនពិការ៣១៧គូលេន ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីៗ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើទោះបីចំណងអាពាហ៍ពិពាហ៍កើតឡើងក្នុងស្ថានភាពបែបណាក៏ដោយ ឲ្យតែចេះថែរក្សា គឺចំណងស្នេហ៍នឹង រក្សាបានស្ថិតស្ថេរជារៀងរហូត តែផ្ទុយទៅវិញ បើចំណងអាពាហ៍នោះធ្វើឡើងយ៉ាងមហោឡារឹកយ៉ាងណាក៏ដោយ ក៏មិនអាចស្ថិតស្ថេរឡើយ បើមិនចេះថែរក្សា។
ជាមួយការអាណិតអាសូរហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចដល់ស្រ្តីទាំងឡាយ កុំឲ្យខ្មាសអៀនចំពោះការមានស្វាមីជាជនពិការ ហើយក៏មិនត្រូវបោះបង់ស្វាមីរត់ទៅស្រវ៉ាឱបប្រុសថ្មី ពេលស្វាមីធ្លាក់ខ្លួនពិការនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្មោះស្ម័គ្ររបស់ឧត្តមភរិយារបស់សម្តេច គឺជាគំរូដ៏ល្អមួយសម្រាប់ស្រ្តីដទៃ ដែលមានស្វាមីជាជនពិការ៕