(ភ្នំពេញ)៖ ភ្ញៀវទេសចរជាតិ មកលេងកំសាន្តអង្គរសង្ក្រាន ក្នុងរយៈពេល៣ថ្ងៃពោលគឺនៅថ្ងៃ ទី១៣, ១៤,១៥ ខែមេសា មានចំនួនប្រមាណ ១លាន ២សែននាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ។
រដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ឲ្យដឹងថា ទេសចរជាតិមកទស្សនាព្រឹត្តិការណ៍អង្គរសង្រ្គាន្គ នៅថ្ងៃទី១៣ ខែមេសា មានប្រមាណ២៥ម៉ឺននាក់។ ចំណែកថ្ងៃទី១៤ ខែមេសា ប្រមាណ៤៥ម៉ឺននាក់ និងថ្ងៃទី១៥ ខែមេសា មានប្រមាណ៥០ ម៉ឺននាក់) និងថ្ងៃទីថ្ងៃ១៦ ខែមេសា មិនទាន់សរុបបាននៅឡើយទេ។
ដោយឡែក ទេសចរអន្តរជាតិ ដែលបានទិញសំបុត្រចូលទស្សនាប្រាសាទក្នុងរយៈពេល៣ថ្ងៃ មាន ចំនួន ២០៧២៨ នាក់ កើន ២៨% ប្រៀបរយៈពេលដូចគ្នា ឆ្នាំ២០១៦ (មិនទាន់បានរាប់បញ្ចូល ភ្ញៀវទេសចរអន្តរជាតិ ដែលចូលកំសាន្ត ក្នុងកម្មវិធីអង្គសង្ក្រានមិនទាន់ទិញសំបុត្រចូលទស្សនាអង្គរ។
ជាមួយនោះផងដែរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ធំ បាន រៀបចំ សង្រ្គាន្គឆ្នាំថ្មី ដាក់តាងបង្ហាញ ចន្លុះយក្ស និងត្រកយក្ស អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។
រដ្ឋមន្រ្តី ថោង ខុន បានបន្ថែមឲ្យដឹងថា ត្រកយក្សនេះ គឺបងប្អូនជនជាតិ ធ្វើសម្រាប់ដាក់ បាយម្លូស្លា ពេលចេញដំណើរពីផ្ទះចូលព្រៃ ពេលត្រឡប់ ពីព្រៃមកវិញដាក់ដូចជាទំពាំង ផ្លែឈើ និងរបស់ដែល គាត់រកបានពីព្រៃមកផ្ទះ(គួយ)។ លោក ថោង ខុន បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំនេះ សកម្មភាពកំសាន្តសប្បាយ នៅតាមរាជធានីខេត្ត បាននិងកំពុងបន្ត យ៉ាងសែនសប្បាយក្រៃលែង៕