(សេអ៊ូល)៖ ថ្លែងប្រាប់ពីប្រទេសកូរ៉េខាងត្បូង ទីដែលកំពុងមានសភាពតានតឹងផ្នែកយោធា, លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរ» នៅឧស្យាន Manseok ទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ រៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគមន៍ខ្មែរនៅកូរ៉េ ដោយមានអ្នកចូលរួមប្រមាណជិត២ម៉ឺននាក់។
នៅក្នុងឱកាសនេះលោករដ្ឋមន្រ្តី បានពាំនាំមកនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនខ្មែររស់នៅកូរ៉េខាងត្បូងទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឆ្នាំថ្មីនាំមកនូវជោគជ័យសេរីសួស្ដីគ្រប់ប្រការ ដល់បងប្អូនខ្មែរទាំងអស់។
សូមជំរាបថា ការរៀបចំមហាសង្រ្កាន្តខែ្មរ នាពេលនេះគឺដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាបុណ្យប្រពៃណីដ៏ធំរបស់ប្រជាជនខ្មែរយើង ដើម្បីជួបជុំមហាគ្រួសារខ្មែរ ធ្វើបុណ្យទាន ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោកអ្នកមានគុណទាំងឡាយ ដែលបានចែកឋានទៅកាន់បរលោក ទុកជាការតបស្នងសងគុណដល់បុព្វការីជនជាទីគោរពស្រឡាញ់នៃយើង។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ក៏ជាឱកាសដែលប្រជាពលរដ្ឋខ្មែរយើងជួបជុំគ្នាលេងកម្សាន្ត សប្បាយនូវល្បែងល្បាំប្រជាប្រិយដោយមិនប្រកាន់អ្វីទាំងអស់។ នេះជាប្រពៃណីជាតិខ្មែរយើងដ៏រុងរឿងល្អផូរផង់របស់ខ្មែរយើង ដែលគេតែងគោរពកោតសរសើរ។
ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅកូរ៉េ ពិតមែនមិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារនៅស្រុកកំណើត(កម្ពុជា) តែបញ្ជាក់ថា ខ្មែរយើងទោះដល់ទីណាក៏នៅជាខ្មែរ ទោះជាសម្បូរសប្បាយយ៉ាងណាក្ដីក៏ខ្មែរមិនភ្លេចប្រពៃណីវប្បធម៌ខ្មែរឡើយ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមគោរពកោតសរសើរបងប្អូនខ្មែររស់នៅកូរ៉េខាងត្បូងទាំងអស់ ពិតជាកុលបុត្រខ្មែរស្នេហាជាតិ ជាពូជពង្សខ្មែរអង្ករដ៏រុងរឿងប្រាកដមែន។ ព្រមជាមួយនោះលោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សមេ្តចតេជោ ដែលកំពុងតែមានការរីកចម្រើនប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងសម្រេចបាននូវសមិទ្ធផលជាច្រើន។ នាឱកាសនេះលោករដ្ឋមន្រ្តី សូមជូនពរដល់បងប្អូន ខ្មែរ ដែលរស់នៅ និងធ្វើការនៅកូរ៉េទាំងអស់ ក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕