(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញត្រឡប់ពីខេត្តសៀមរាប មកដល់រាជធានីភ្នំពេញវិញហើយ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ការចូលរួមក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងកម្មវិធីសំខាន់ៗមួយចំនួនដូចជា៖
* នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើក និងប្រគល់ពានរង្វាន់ ការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេច តេជោនាយករដ្ឋមន្រ្តី ២០១៧» នៅ Angkor Golf Resort ក្រុងសៀមរាប។
* នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះមកសាកសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ ជាមួយយោធិនពិការ និងក្រុមគ្រួសាររបស់ពួកគាត់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្ថិតនៅក្នុងស្រុកគូលេន ខេត្តសៀមរាប។
* នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាព បើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរដ៏ល្បាញល្បី។
* នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាងចៅៗ បានមកចូលរួមសង្រ្កាន្តឆ្នាំថ្មី ជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនកម្ពុជារាប់ម៉ឺននាក់ នៅលើទឹកដីអង្គរ៕