(ភ្នំពេញ)៖ ក្នុងសង្គមខ្មែរ«អុក» គឺមិនត្រឹមជាល្បែងសម្រាប់លេងកំសាន្ដតាមបែបប្រពៃណីទនៀមទម្លាប់ រហូតដល់អ្នកលេងភ្លេចបាយ ភ្លេចទឹក ដូចជា បទចម្រៀងថា «សម្លកូនអុក…» ប៉ុណ្ណោះទេ តែក៏ជាល្បែងមួយមានគុណប្រយោជន៍ឲ្យមនុស្សចេះពិចារណារវៀសរវៃ ក្នុងការបង្វឹកខួរក្បាលឲ្យមានភាពវៃឆ្លាតផងដែរ។ បើដូច្នេះ តើល្បែងអុក គុណប្រយោជន៍បែបណា?
អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា «ល្បែងអុក» ជាល្បែងដែលគេយកកូនអុក ទៅដាក់ត្រង់ក្រទ្បាសម្លាប់ណាមួយនៃដៃគូរបស់ខ្លួន រួចស្រែកប្រាប់ឲ្យ ដៃគូម្ខាងទៀតបានដឹងផង។ ចំពោះពាក្យ «អុក»នេះ មកពីភាសាសំស្រ្ដឹតថា «បាសក» ខ្មែរថា«បាស្កា» ឬមកពីពាក្យថា«ចតុរង្គ» ខ្មែរនិយាយខ្លីថា «ចត្រង្គ»។
មានន័យថា«ចតុរង្គសេនា» គឺសំដៅដល់កងទ័ពទំាងបួនប្រភេទរបស់កងទ័ពខ្មែរ កាលពីសម័យព្រេងនាយមាន៖ ជើងគោក ជើងទឹក សេះ ដំរី នេះឯង។ អ៊ីចឹង បើយើងពិនិត្យ អំពីល្បែងអុកនេះ ប្រៀបបានជាល្បែងវាតទីពង្រីកទឹកដីក្នុងការធ្វើសឹកសង្រ្គាម យ៉ាងដូច្នេះដែរ។
លោក រត្ន័ សណ្ដាប់ បានបន្ដទៀតថា ល្បែងនេះក៏ប្រៀបបានជាល្បែងមានលក្ខណៈជាយោធាផង និងជាការទូតផង គឺមិនខុសពីល្បែងវាយគោល ក្នុងបច្ចុប្បន្ននេះទេ។ ជាក់ស្ដែង បើឆ្លុះបញ្ចំាងល្បែងនេះ នៅក្នុងរឿងធនញ្ជ័យសេដ្ឋី ជក់លេងរហូតដល់ភ្លើងឆេះផ្ទះ រឿងកាកី គឺព្រះបាទព្រហ្មទត្ដ ប្រកួតលេងអុក ជាមួយគ្រុឌ ក្រទ្បាខ្លួន រហូតដល់ គ្រុឌ បាននំានាងកាកីទៅឋានសិម្ពលីជាដើមនោះ គឺសុទ្ធតែបានបង្កប់នូវទស្សនវិជ្ជាក្នុងការគ្រប់គ្រងមានន័យថា៖ ទីមួយ- អ្នកដឹកនំាត្រូវមានភាពវ័យឆ្លាត។ ទីពីរ- អ្នកដឹកនំាត្រូវមានសមត្ថភាពយ៉ាងពិតប្រាកដ។ និងទីបី- អ្នកដឹកនំា មុននឹងជួបនរណាម្នាក់ត្រូវដឹងអំពីសមត្ថភាព នៃដៃគូសន្ទនារបស់ខ្លួន ព្រោះជាធម្មតាប្រទេសនីមួយៗ គេតែងតែគិតអំពីផលប្រយោជន៍របស់គេរៀងៗខ្លួនជាចម្បង។
ជាចុងក្រោយលោក បានថ្លែងថាល្បែងអុកនេះ គឺពិតជាល្បែងមានផលប្រយោជន៍សម្រាប់បណ្ដុះគំនិត ក្នុងការពិចារណាឲ្យមានប្រាជ្ញាទំាងផ្លូវកាយ ផ្លូវចិត្ដ។ ដោយសារតែហេតុ នេះហើយ បានជាយើងឃើញផងដែលថា នៅប្រទេសបារំាង «ល្បែងអុក» ក៏បានក្លាយជាមុខវិជ្ជាយ៉ាងសំខាន់មួយផងដែរ នៅក្នុងកម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ។
ទន្ទឹមនិងនេះ លោក រ័ត្ន សណ្តាប់ ក៏សូមថ្លែងនូវការកោតសសើរផងដែរ ចំពោះគណៈកម្មាធិការជាតិអូទ្បំាពិកកម្ពុជា ដែលបានផ្ដួចផ្ដើមក្នុងការរៀបចំល្បែងអុកនេះដាក់បញ្ចូល ទៅក្នុងសម្បត្ដិវប្បធម៌ពិភពលោកអរូបីរបស់មនុស្សជាតិ ព្រោះនេះពិតជាបានបង្ហាញអំពីល្បែងកំសាន្ដប្រពៃណីខ្មែរ ក្នុងការប្រើគំនិតជាយោធា និងការទូតរបស់ខ្មែរ ដែលមានតំាងពីរាប់ពាន់ឆ្នំាមកហើយ ហើយដែលភស្ដុតាងនេះ គឺនៅប្រាសាទបាយ័ន្ដ ប្រាសាទព្រះខ័ន អង្គរវត្ដគឺជាគោល៕