(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញទៅលេងកម្សាន្ត នៅខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមេសា ត្រូវនឹងថ្ងៃទីពីរនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមមេត្តាមានការយោគយល់អធ្យាស្រ័យ ដោយសារកំណើនការធ្វើចរាចរណ៍មានភាពមមាញឹកខ្លាំង ផ្លូវខ្លះត្រូវបានបិទបណ្តោះអាសន្ន និងខ្លះទៀតបង្វែរជាផ្លូវឯកទិស។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា សូមប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ជាមួយសមត្ថកិច្ចដើម្បីការប្រារព្វពិធីប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ។
លោកឧត្តមសេនីយ៍ឯកក៏សូមអំពាវនាវ ដល់អ្នកបើកបរគ្រប់រូបត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹងឡើយ។
ករណីត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ក្នុងពេលបើកបរ នគរបាលចរាចរណ៍ នឹងធ្វើការពិន័យអន្តរការណ៍តាមអនុក្រឹត្យលេខ៤៤ ស្តីពីការពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង/ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕