(ភ្នំពេញ)៖ មេបក្សព្រះអាទិត្យថ្មី រួមនឹងអនុប្រធានសេះហោះ អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ រួមនឹងក្រុមការងារខ្លួន បាននិងកំពុងតែដើរចច្រប់ចុះឡើងនៅតាម វត្តអារាមនានា នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ក្នុងគោលបំណងដើររៃអង្គាសបច្ច័យពីសកម្មជនរបស់ខ្លួនមួយចំនួន យកមកចំណាយលើការប្រើប្រាស់ ក្នុងការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។ នេះគឺជារដូវកាលដែលបក្សព្រះអាទិត្យដើរស្មូមសកម្មជនរបស់ខ្លួនជាថ្នូរ នឹងការសន្យាឱ្យឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ ឬផ្តល់តំណែងខ្យល់ផ្សេងៗ ដើម្បីកៀរគរថវិកាពីអនិកជនខ្មែរទាំងនោះមកទ្រទ្រង់ការចំណាយរបស់បក្ស និងមួយចំនួនសម្រាប់ប្រាក់ហោប៉ាវខ្លះ។
បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះបានរាយការណ៍ថា ការរៃអង្គាសប្រាក់នេះត្រូវបានធ្វើឡើងនៅតាមវត្តអារាមនានា ធ្វើឱ្យពលរដ្ឋមួយចំនួនដែលនាំគ្នាអញ្ជើញទៅវត្ត ដើម្បីធ្វើបុណ្យ ប៉ុន្តែបែរជាមិនសប្បាយចិត្ត ដោយសារតែក្រុម កឹម សុខា រញ៉េរញ៉ៃសុំម៉ោងព្រះសង្ឃដែលកំពុងប្រតិបត្តិធម៌ជូនពុទ្ធបរិស័ទ ធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន សាច់សាលោហិតដែលចែឋានទៅ ដើម្បីនិយាយរឿងនយោបាយបក្សរបស់ខ្លួន។
តាមពិតរដូវកាលនេះ ជាពេលវេលាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អស់លោកមេបក្ស និងមេបក្សរងសេះហោះមួយចំនួនមិនបានធ្វើបុណ្យយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូនដល់បុព្វការីជនទេ តែក្រុមនេះបែរជាដើរអុកឡុកតាមវត្ត អារាមហែកបច្ច័យពុទ្ធបរិស័ទពីព្រះសង្ឃដើម្បីដាក់មូលនិធិបក្សទៅវិញ។ ធ្វើបុណ្យដែរ តែធ្វើបុណ្យនយោបាយ ! ពុទ្ធបរិស័ទខ្លះដែល ទើសទាល់ពេកបានចែកបច្ច័យជាពីរចំណែក ១៖ ប្រគេនព្រះសង្ឃ ២៖ ត្រៀមសម្រាប់ចូលរួមជាមួយក្រុមសង្គ្រោះជាតិ ព្រោះក្រុមនេះបានដើរទេសនាតាមវត្ត ដណ្តើមតួនាទី និងពេលវេលាព្រះសង្ឃដើម្បីអង្គាសប្រាក់ សូម្បីតែសកម្មភាពខ្លះផ្ទុយនឹងសីលធម៌ព្រះពុទ្ធសាសនា ក៏ធ្វើដែរ។ គ្មានដឹងបុណ្យ គ្មានដឹងបាបអ្វីឡើយ! គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួករបស់ខ្លួន! ប្រយ័ត្នចុះនរក!
មិនធ្វើបុណ្យ ពិតជាបុណ្យមិនជួយមែន! តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ ក្នុងជំនួបនោះបានថ្លែងថា ពលរដ្ឋចូលរួមស្តាប់មានមិនសូវច្រើនឡើយ កន្លែងខ្លះមានតែយាយ តាចាស់ៗ តែប៉ុណ្ណោះ។ ចំណែកថវិកាដែលប្រមូលបានក៏មិនច្រើនទេ ដោយសារតែការចូលរួមមូលនិធិតិចតួច។ ពេលខ្លះមិនអាចទូទាត់ចំណាយថ្លៃសំបុត្រយន្តហោះ និងការធ្វើដំណើរ និងការស្នាក់នៅរបស់គណៈប្រតិភូបក្សព្រះអាទិត្យផង។ អ្នកចូលរួមខ្លះបានខ្សឹបខ្សៀវគ្នាថា កាលដែលក្រុមបក្សសង្គ្រោះជាតិចែកជើងគ្នាធ្វើដំណើរចេញ ទៅក្រៅប្រទេសដើម្បីស្វែងរកថវិកានៅអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសារតែបក្សនេះយល់ថា ពិធីបុណ្យចូលឆ្នាំថ្មី នេះគឺជាពេលវេលាដែលប្រជាជនកម្ពុជា ជួបជុំគ្នាធ្វើបុណ្យដាក់ទាន។
ដូច្នេះគឺជាពេលមួយដ៏ល្អបំផុតដើម្បីទាក់ទាញសមានចិត្តអនិកជនខ្មែរ និងអាចដើរតាមវត្តអារាមដែលជាកន្លែងជួបជុំធំ ព្រោះបើទៅខុសពេលវេលានេះមិនអាចប្រមូលផ្តុំ បានអ្នកចូលរួមច្រើនទេ ព្រោះពលរដ្ឋខ្លះអស់ជំនឿ លែងចាញ់បោកពាក្យកុហកបោកប្រាស់របស់បក្សប្រឆាំងនេះទៀត ព្រោះពួកគេខ្លះខំបេះពីមាត់ពីកចូលរួមគាំទ្របក្ស ទោះធ្វើការងារបានប្រាក់សល់បន្តិចបន្តួច តែដល់ពេលក្រឡេកមើលអ្នកមកសុំលុយពួកគាត់វិញ មានឡាន វីឡា ដីចម្ការម្រេច ថែមទាំងចិញ្ចឹមស្រីកំណាន់យ៉ាងហំហានបំផុត ខណៈខ្លួនមិនហ៊ានទិញអ្វីដែលខ្លួនស្រឡាញ់ និងរស់នៅផ្ទះជួល ឬនៅជំពាក់បំណុលរដ្ឋនៅឡើយ។
គិតៗទៅ ក្រុមអ្នកនយោបាយដូច កឹម សុខា អេង ឆៃអ៊ាង និងយឹម សុវណ្ណ នេះ មិនដែលធ្វើបុណ្យដាក់ទាន ក៏មិនយល់ពីសាសនា ទោះជាមករំខានពេលវេលាបុណ្យទាន របស់ពុទ្ធបរិស័ទ និងព្រះសង្ឃ ក៏មិនខ្វល់ សំខាន់គឺខ្លួនមាន ពិធីបុណ្យនយោបាយដែរដើម្បីរៃអង្គាសប្រាក់ កុហកបោកប្រាសរាស្ត្រ។ ចៅចាក់ស្មុកសុំឆ្ងល់មួយថា តើក្រុមបក្សសង្គ្រោះជាតិនេះពេលទទួលសីល ៥ (បញ្ចសីលា) ពីព្រះសង្ឃមានសូត្រធម៌ ត្រង់សិក្ខាបទទី៤ «មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ» ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក អត់ បានជាដើរបោកប្រាសគ្មានដឹងពេលបុណ្យទានអ៊ីចឹង?
ដោយ៖ ចៅចាក់ស្មុក