(ភ្នំពេញ)៖ នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៣ករណី ស្លាប់មនុស្ស០៤នាក់ និងរងរបួសធ្ងន់ស្រាល២២នាក់ នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៣ករណី បានបង្កឲ្យខូចខាតម៉ូតូ១៣គ្រឿង រថយន្តតូច៦គ្រឿង និងរថយន្តធំ១គ្រឿង កង់១គ្រឿង ហើយមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ងងុយដេក មិនប្រកាន់ស្តាំ និងកត្តាយានយន្តជាដើម។
ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹងឡើយ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ករណីនគរបាលត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ ក្នុងពេលបើកបរនគរបាលចរាចរណ៍ នឹងធ្វើការពិន័យអន្តរការណ៍ តាមអនុក្រឹត្យលេខ៨៥ ស្តីពីការពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕