(សៀមរាប)៖ នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងភរិយា បានចុះត្រួតពិនិត្យស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅនៅក្នុងខេត្ត ព្រមទាំងបានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋកំពុងដើរលេងកម្សាន្តផងដែរ។
នៅក្នុងរាត្រីនោះ លោក ឃឹម ប៊ុនសុង បានអញ្ជើញទៅគ្រប់ច្រកល្ហក ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងអ្នកដើរលេងកម្សាន្ត និងអ្នកប្រកបរបរលក់ដូរ។ វត្តមានរបស់លោកអភិបាលខេត្តក្នុងចំណោមមហាជន ដែលកំពុងដើរលេងយ៉ាងសប្បាយរីករាយ ប្រកបដោយភាពសាមញ្ញរបស់លោកអភិបាលខេត្តសៀមរាប ត្រូវបានទទួលស្វាគមន៍ដោយភាពរីករាយ និងស្និទ្ធស្នាល ហើយប្រជាពលរដ្ឋជាច្រើន បានសុំថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកអភិបាលខេត្ត និងភរិយា។
ប្រជាពលរដ្ឋ ដែលបានឃើញវត្តមាន និងសំណេះសំណាលដោយផ្ទាល់ជាមួយលោក ឃឹម ប៊ុនសុង សុទ្ធតែបានសរសើរលោកអភិបាលខេត្តថា មានភាពសាមញ្ញ មិនងឆ្មើងឆ្មៃជាមួយប្រជាពលរដ្ឋ ហើយថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ពួកគាត់ថែមទៀតផង។
សូមបញ្ជាក់ថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំកន្លងទៅនោះដែរ រៀងរាល់ពេលរាត្រីចូលឆ្នាំ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង តែងបានធ្វើដំណើរចុះពិនិត្យស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលដើរលេងចូលឆ្នាំថ្មីដោយផ្ទាល់។
ទីក្រុងសៀមរាប បានក្លាយទៅជាទីក្រុងគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងពេលបុណ្យចូលឆ្នាំថ្មី ចាប់តាំងពីបង្កើតឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តតាំងពីឆ្នាំ២០១៣មកនោះ។ នៅឆ្នាំ២០១៧ ដែលជាឆ្នាំទី៥ នៃការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តនោះ គេរំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១លាន ៦សែននាក់ នឹងទៅលេងនៅលើទឹកដីប្រវត្តិសាស្រ្តដ៏ល្បាញល្បីមួយនេះ៕