(ភ្នំពេញ)៖ ល្បែងទាញព្រ័ត្រ ជាល្បែងសម្រាប់កំសាន្ដរបស់យុវជនយើងទំាងប្រុស ទំាងស្រី។ គេលេងល្បែងនេះ ដោយប្រើកម្លំាងកាយជាសំខាន់ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឬពិធីបុណ្យផ្សេងៗទៀត។ ទីកន្លែងលេងគេនិយមនៅតាមទីវត្ដអារាម ឬក្នុងភូមិនីមួយៗដោយគេច្រើនលេងនៅពេលថ្ងៃ ឬយប់មានពន្លឺលោកខែ។ បើហេតុនេះ តើក្នុងការល្បងល្បែងកម្លំាងទាញព្រ័ត្រ គឺជានិមិត្ដរូបអ្វី?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងថា ល្បែងទាញព្រ័ត្រនេះមានកំណើតពីទេវតា និងពពួកយក្សប្រណំាងកម្លំាងគ្នាដើម្បីទាញយកទឹកអម្រឹត ក្នុងរឿងកូរសមុទ្ធទឹកដោះ។ ក្នុងការទាញព្រ័ត្រនេះទៀតសោត គឺទេវតាស្ថិតនៅខាងក្បាលនាគ រីឯពពួកយក្សស្ថិតនៅកន្ទុយនាគ ជាលទ្ធផល គឺទេវតាបានទទួលជ័យជម្នះ លើពពួកយក្ស។ ចំពោះភស្ដុតាងនេះ យើងឃើញចម្លាក់នៅក្លោងទ្វារចូលប្រាសាទបាយ័ន្ដ ប្រាង្គប្រាសាទអង្គរវត្ដជាដើម គឺបានបង្ហាញអំពី រូបនាគមួយសន្ធឹងខ្លួនយ៉ាងវែង ហើយទេវតា និងពពួកយក្សកំពុងប្រជែងគ្នាទាញ ជារបៀបទាញព្រ័ត្រកំសាន្ដ ដូចយើងឃើញសព្វថ្ងៃនេះ។

លោក រត្ន័ សណ្ដាប់ បានបន្ដថា ចំពោះល្បែងទាញព្រ័ត្រនេះ ជាកីទ្បាសំដែងឥទ្ធិពលក្នុងការប្រើកម្លំាងកាយនិងប្រាជ្ញា។ នេះបានសេចក្ដីថា ជាកីទ្បាមួយប្រភេទដោយ ប្រើបច្ចេកទេសក្នុងការប្រើកម្លំាងកាយ ប្រាជ្ញា ព្រមទំាងមានកល់ល្បិចផង ទើបអាចសម្រេចបានជោគជ័យ។

ជាសរុប លោកបានបញ្ជាក់ថា ល្បែងទាញព្រ័ត្រនេះ ជាកីទ្បាមួយប្រភេទដោយបានផ្សារភ្ជាប់ក្នុងជំនឿសាសនាផង បម្រើឲ្យវិស័យកសិកម្មផង និងជាល្បែងកំសាន្ដផង ពិសេសគឺជានិមិត្ដរូប បង្កប់នូវអត្ថន័យសំខាន់ក្នុងវិស័យកសិកម្ម ជាពិធីធ្វើឲ្យមានទឹកភ្លៀង ព្រោះថាទេវតានិងយក្សទាញគឺ «នាគ» ។ ដោយហេតុថា​ «នាគ» ជាយានជំនៈរបស់ព្រះភិរុណជាអទិទេពតំណាងឲ្យទឹកឬទឹកភ្លៀង ហើយនៅក្នុងប្រព័ន្ធជំនឿខ្មែរ«នាគ» ជាស្ពានចម្លងមនុស្សទៅឋានសួគ៌ គឺជា «ឥន្ទធនូ» មានតួនាទីប៉ឺតទឹកដើម្បីនំានូវទឹកភ្លៀងនេះឯង។ បើដូច្នេះទាញនាគ ឬទាញព្រ័ត្រគឺជាពិធីទាញឬសុំឲ្យកើតជាទឹកភ្លៀង៕