(សៀមរាប)៖ ពិធីតភ្ជាប់ព្រះសិរ្ស ជាមួយព្រះកាយនៃព្រះពុទ្ធបដិមាចំនួន៥អង្គ និងការតភ្ជាប់ ដងខ្លួនរបស់រូបចម្លាក់ទ្វារបាល ជាមួយនឹងក្បាលចំនួន២ទៀត មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាមង្គលដ៏ប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរ។នេះជាការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ឲ្យដឹងនៅក្នុងកម្មវិធីតភ្ជាប់ព្រះសិរ្សព្រះពុទ្ធបដិមា និង ក្បាលចម្លាក់ថ្មទ្វារបាលនេះ បានប្រព្រឹត្តិទៅតាមជំនឿប្រពៃណីសាសនា នៅអភិរក្សដ្ឋានអង្គរ-សៀមរាប នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា «ពិធីនេះ គឺជាពិធីដ៏មានសិរីមង្គលក្រៃលែង ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា អបអរទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពស ២៥៦១»។
លោកស្រីរំលឹកឡើងវិញដែរថា ឥទ្ធិពលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព និង ការអភិវឌ្ឍន៍ប្រទេសជាតិ កិត្យានុភាពរបស់កម្ពុជា ត្រូវបានរីកសាយពាសពេញសាកលលោក ។ ថ្ងៃនេះ បំណែកនានានៃចម្លាក់បូរាណចំនួន៧អង្គ ត្រូវបានជួសជុល តភ្ជាប់ដូចសភាពដើមវិញ ហើយកន្លងមក ចម្លាក់បូរាណខ្មែរ ដែលឃ្លាតឆ្ងាយនៅឯបរទេស ក៏ត្រូវបានវិលមកជួបជុំ កូនចៅ គ្រួសារខ្មែរវិញ ផងដែរ។
លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារនិងអភិរក្សសំណង់បូរាណ នៃក្រសួងវប្បធម៌ បានឲ្យដឹងនៅក្នុងរបាយការណ៍ថា «ព្រះពុទ្ធបដិមាចំនួន៥អង្គ ដែលត្រូវបានតភ្ជាប់ព្រះសិរ្សនិងព្រះកាយឡើងវិញនោះ រួមមាន ព្រះពុទ្ធបដិមាប្រក់នាគសម័យបាយ័ន ចំនួន៣អង្គ ព្រះពុទ្ធបដិមាប្រក់នាគសម័យអង្គរវត្តចំនួន២អង្គ»។
លោក គឹម សុធិន បានបន្ថែមថា នៅក្នុងរបាយការណ៍នោះ ពុំបានបញ្ជាក់ទេថា ចម្លាក់ទ្វារបាល ត្រូវបានកសាងនៅក្នុងសម័យកាលណានោះឡើយ តែបានបញ្ជាក់ថា ការស្រាវជ្រាវរកឃើញនិងការជួសជុល ផ្សំផ្គុំ តភ្ជាប់ ព្រះពុទ្ធបដិមា និងចម្លាក់ថ្មបូរាណទ្វារបាល ទាំងអស់នេះ គឺជាការជួយផ្តល់លទ្ធភាពនិងថវិកាដោយក្រសួងវប្បធម៌ ជាមួយនេះ អង្គការ ASI ឥណ្ឌា បានរួមសហការផ្តល់ជាសម្ភារៈបច្ចេកទេស ផងដែរ៕