(ភ្នំពេញ)៖ ថ្លែងចេញពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើទឹកដីខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជាក្នុងឋានៈរដ្ឋមួយនៃ សមាជិកអង្គការសហប្រជាជាតិ សូមសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន អំពីសភាពការណ៍នៅបញ្ចឹមបូព៌ា ជាពិសេសសភាពការណ៍ស៊ីរី និងកូរ៉េខាងជើង កម្ពុជាអំពាវនាវឲ្យមានការអត់ធ្មត់ ហើយព្យាយាមដោះស្រាយនូវជម្លោះទាំងនោះតាមរយៈនៃការចរចា»។
សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងយ៉ាងដូច្នេះទៀតថា «ទង្វើនៃការបាញ់ប្រហារទាំងម៉ីសីលក្តី និងអាវុធគីមីក្តី វាជាសោកដនាកម្ម ហើយកម្ពុជាធ្លាប់ជាជនរងគ្រោះ នៃអំពើបែបនេះគឺពិតជាបានយល់ច្បាស់ អំពីការលំបាករបស់ប្រជាជន នៃប្រទេសដែលកំពុងមានសង្រ្គាមហែងហួរ ហើយសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ រួមគ្នាជាមួយ សម្តេច ដើម្បីការពារសន្តិភាពឲ្យខានតែបាន»។
ការថ្លែងអំពាវនាវ និងសម្តែការព្រួយបារម្ភនេះធ្វើឡើង នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ នាឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរដ៏ល្បាញល្បី៕