(សៀមរាប)៖ ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងពិនិត្យឃើញថាគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កើនឡើងគួរឲ្យបារម្ភនោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹងឡើយ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ករណីនគរបាលត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ ក្នុងពេលបើកបរនគរបាលចរាចរណ៍ នឹងធ្វើការពិន័យអន្តរការណ៍ តាមអនុក្រឹត្យលេខ៨៥ ស្តីពីការពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការ ទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយអនុវត្តន៍សេចក្តីអំពាវនាវទាំង១០ចំណុចរបស់ គណៈកម្មាការធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដូចខាងក្រោម៖
១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។ល។
២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៤៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច។
៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត់។
៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។
៨៖ មិនត្រូវបត់ ឬជែង ក្នុងភាពប្រថុយប្រថាន។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ អធ្យាស្រ័យ៕