(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅលើទឹកដីអង្គរដ៏ល្បាញល្បី។
ព្រឹត្តិការណ៍បើកអង្គរសង្រ្កាន្តនេះ ធ្វើឡើងនៅក្បែរប្រាសាទបាយ័ន «អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា» ដែលនឹងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងការរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លើកទី៥ ខេត្តសៀមរាបនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំអង្គរសង្រ្កាន្ត រយៈពេល៥ឆ្នាំកន្លងទៅ ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ សម្រាប់កូនខ្មែរទាំងអស់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន, ព្រោះកន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមលើកិច្ចការអង្គរសង្គ្រាន្តយ៉ាងច្រើន និងបានបន្សល់ទុកស្នាដៃនៅអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានជោគជ័យណាមួយ ដែលកើតឡើងដោយឯងៗនោះឡើយ ប្រសិនបើអង្គរសង្ក្រាន្តនេះមិនមានការចូលរួមពីអ្នករាល់គ្នា ជាពិសេសកម្លាំងយុវជនសហភាពសហព័ន្ធ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ដោយសុខសន្តិភាពរបស់ប្រទេសបានផ្តល់ឱកាសការអភិវឌ្ឍន៍សង្គម នឹងបានកាន់បន្ថយភាពក្រីក្រ ព្រមទាំងអាចឲ្យបងប្អូនប្រជាពលរដ្ឋ ទៅកំសាន្តទីណាក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ សម្តេចបានបញ្ជាក់ថា នៅមុនឆ្នាំ១៩៩៨ ការជួបជុំនៅខេត្តសៀមរាប និងការធ្វើដំណើរទូទាំងប្រទេសមិនអាចធ្វើបាននោះទេ ព្រោះប្រទេសកំពុងស្ថិតនៅក្នុងសង្រ្គាមនៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ-កម្មការិនី មន្រ្តីរាជការ និងកម្លាំងប្រដាប់ និងយោធនពិការ ត្រូវបានតម្លើងប្រាក់បៀរវត្សរ៍ ដោយសារមានដំបូលសន្តិភាពនេះ។
* សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាក្នុងឋានៈរដ្ឋមួយនៃសមាជិកអង្គការសហប្រជាជាតិ សូមសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន អំពីសភាពការណ៍នៅបច្ចឹមបូព៌ា ជាពិសេសសភាពការណ៍ស៊ីរី និងកូរ៉េខាងជើង កម្ពុជាអំពាវនាវឲ្យមានការអត់ធ្មត់ ហើយព្យាយាមដោះស្រាយនូវជម្លោះទាំងនោះតាមរយៈនៃការចរចា។
* សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា ទង្វើនៃការបាញ់ប្រហារទាំងម៉ីសីលក្តី និងអាវុធគីមីក្តី វាជាសោកដនាកម្ម ហើយកម្ពុជាធ្លាប់ជាជនរងគ្រោះនៃអំពើបែបនេះគឺពិតជាបានយល់ច្បាស់អំពីការលំបាករបស់ប្រជាជន នៃប្រទេសដែលកំពុងមានសង្រ្គាមហែងហួរ ហើយសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ រួមគ្នាជាមួយសម្តេច ដើម្បីការពារសន្តិភាពឲ្យខានតែបាន។
* សម្តេចតេជោ ហ៊ុន សែន សម្តែងការថ្លែងអំណរគុណចំពោះព្រះមហាក្សត្របច្ចុប្បន្ន ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវប្បធម៌របស់ខ្មែរ, សម្តេចនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា វប្បធម៌ជារបស់ខ្មែរ ខ្មែរទាំងអស់គ្នាត្រូវការពារឲ្យបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ នៅខេត្តសៀមរាប ចាប់ផ្តើមពីសូន្យទេសចរណ៍ និងសណ្ឋាគារចាស់ៗតែពីរប៉ុណ្ណោះសម្រាប់ទទួលភ្ញៀវទេសចរណ៍ ប៉ុន្តែពេលនេះភ្ញៀវទេសចរណ៍បានកើនឡើងដល់ជាង៥លាននាក់ក្នុងមួយឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាកន្លែងសប្បាយ មិនមែនជាកន្លែងកើតទុក្ខនោះទេ។
* ថ្លែងចេញពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្តេចតេជោ ហ៊ុន សែន សូមថ្វាយព្រះពរចំពោះព្រះមហាក្សត្រ និងព្រះមហាក្សត្រី សូមព្រះអង្គទាំងទ្វេ មានសុខភាពល្អបរិបូណ៍ដើម្បីគង់ជាម្លប់ដល់កូនចៅ និងសូមជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាផ្លូវការ ចាប់ពីពេលនេះតទៅ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖២៥នាទីនាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕