(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅលើទឹកដីអង្គរដ៏ល្បាញល្បី។
ព្រឹត្តិការណ៍បើកអង្គរសង្រ្កាន្តនេះ ធ្វើឡើងនៅក្បែរប្រាសាទបាយ័ន «អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា» ដែលនឹងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា អង្គរសង្រ្កាន្តឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៥ហើយ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានផ្តួចផ្តើមធ្វើឡើងដោយលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តវ័យក្មេងមក ពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តមិនត្រឹមតែជាឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរ និងនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ។ ប៉ុន្តែព្រឹត្តិការណ៍នេះ ក៏ក្លាយទៅជាជំរុំបង្ហាញនូវវប្បធម៌សិល្បៈរបស់ និងល្បែងប្រជាប្រិយរបស់ខ្មែរ ផងដែរ។
ជាពិសេសនោះ គឺបានបំផុសយុវវ័យខ្មែរសម័យថ្មី ឲ្យពួកគេបានស្គាល់នូវអ្វីដែលវប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រោះក្នុងព្រឹត្តិ ការណ៍អង្គរសង្រ្កាន្តនេះ ក៏នឹងបង្ហាញនូវសម្បត្តិវប្បធម៌ទាំងរូបបិយ និងអរូបិយរបស់ខ្មែរ ឲ្យយុវវ័យខ្មែរបានស្គាល់។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តរយៈពេលបួនឆ្នាំកន្លងមកទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន នៅឆ្នាំ២០១៧នេះ ក៏ត្រូវបានរំពឹងថា នឹងទទួលបានមហាជនចូលរួម យ៉ាងច្រើនកុះករផងដែរ។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក សេង កាក់ បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិអង្គរសង្រ្កាន្ត ក៏ដូចជាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ រយៈពេល៣ថ្ងៃនេះ នឹងមានភ្ញៀវច្រើនជាង ១លាននាក់ទៅលេងកម្សាន្តនៅខេត្តសៀមរាបអង្គរ។