(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមតាមជួយថែរក្សាប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងម្ចាស់ពាណិជ្ជកម្មទាំងអស់ ដែលបានកំពុងគាំទ្រដល់អង្គភាពយើងខ្ញុំ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងមានកម្លាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ព្រមទាំងទទួលបានជោគជ័យក្នុងឆាកជីវិត។ លើសពីនេះ ក៏សូមឲ្យជាតិកម្ពុជាទាំងមូលស្គាល់តែសុខសន្តិភាព ឈ្នះអស់អនុភាពចង្រៃទាំងឡាយ ដែលចង់បំផ្លាញ និងដុតកម្លោចកម្ពុជា។

ទោះបី Fresh News មានវ័យវឌ្ឍនាការទើបជិត ៣ឆ្នាំក្តី (ចាប់ផ្តើមពីថ្ងៃ១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំង និងឈានមុខមួយនៅកម្ពុជា ទាំងនេះមិនមែនកើតឡើងដោយ ឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយ ប្រកបភាពប្រាកដនិយមខ្ពស់បំផុត។

Fresh News នឹងបង្ហាញសមិទ្ធផលថ្មីៗរបស់ខ្លួនមួយចំនួនទៀត នៅក្នុងឆ្នាំថ្មី ឆ្នាំ២០១៧នេះ។ Fresh News បានឆ្លងកាត់រឿងរ៉ាវជាច្រើន នៅក្នុងដំណើរការលើ សមរភូមិព័ត៌មាន ដូច្នេះទាំងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្ត មូលគំនិតពួតដៃជាឆន្ទះ និងកម្លាំងដ៏ខ្លាំងក្លាមួយ បានខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ដើម្បីនាំយកដំណឹងពីគ្រប់ទិសទីក្នុងសង្គមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងសកលលោក និងនាំដំណឹងដែលកំពុងកើតមានពីជុំវិញសកលលោក ចែកជូនប្រជាពលរដ្ឋកម្ពុជា។

តំណាងឲ្យអង្គភាពទាំងមូល ក្នុងនាមជានាយកប្រតិបត្តិ (CEO) នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណជ្រាលជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែក ដែលបានរួមគ្នាជាកម្លាំងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារផលិតព័ត៌មានជាចំណី ដែលស្រេកឃ្លានគ្រប់ពេលវេលា។

ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុត ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដែលជាការបន្តក់នូវទឹក អម្រឹតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។

យើងខ្ញុំសូមប្តេជ្ញាចិត្តថា តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងរហូតទៅអនាគត ពួកយើងមិនខ្លាចនឿយហត់ ក្នុងការផលិតព័ត៌មានបញ្ជូនទៅកាន់មិត្តអ្នកអាន និងពិភពលោកនោះឡើយ!

លឹម ជាវុត្ថា​ ស្ថាបនិក និងជានាយកប្រតិបត្តិ